Facebook កំពុងចាត់វិធានការក្តៅរឹតបន្តឹងការ Live Video ទូទាំងពិភពលោក ក្រោយការបាញ់ប្រហារ Live នៅនូវែលសេឡង់

March 30, 2019 72

សាន់ហ្វ្រាន់ស៊ីស្កូ ៖ ក្រុមហ៊ុន Facebook បាននិយាយថា កំពុងរឹតបន្តឹងការ live video នៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់ខ្លួន ក្រោយជនសង្ស័យភេរវករម្នាក់បាន live សកម្មភាពបាញ់ប្រហារសម្លាប់មនុស្ស ៥០នាក់ នៅវិហារអ៊ីស្លាមចំនួន ២ ក្នុងទីក្រុង ក្រៃស៍ឃឺត (Christchurch) ប្រទេសនូវែលសេឡង់កាលពីពាក់កណ្ដាលខែមីនាកន្លងទៅ ដែលជារឿងក្តៅគគុកមួយ។ នេះបើតាមលោកស្រី ហ្សែល សេនប៊ឺដ (Sheryl Sandberg) ដកស្រង់ចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០១៩។

លោកស្រី Sheryl Sandberg ជាប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Facebook បានបញ្ជាក់នៅលើសារមួយបង្ហោះលើ គេហទំព័រផ្ទាល់ខ្លួនដូច្នេះថា «ខណៈមានការព្រួយបារម្ភពីការវាយប្រហារភេរវកម្ម យើងកំពុងបានវិធានការជា ០៣ដំណាក់កាល ក្នុងនោះមានដូចជារឹងបន្តឹងច្បាប់សម្រាប់ការប្រើប្រាស់ Facebook Live ចាត់វិធានការបន្ទាប់ដោះស្រាយការរើសអើង នានានៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់យើង និងគាំទ្រដល់សហគមន៍នានាក្នុងប្រទេសនូវែលសេឡង់»។

គួរជម្រាបថា បើតាមលោកស្រី Sandberg ក្រុមហ៊ុន Facebook ក៏នឹងហាមឃាត់មិនប្រើប្រាស់បណ្ដាញទំនាក់សង្គមរបស់ខ្លួនដែរ ចំពោះអ្នកទាំងឡាយណាដែលបង្ហោះសារ ឬវីដេអូមានលក្ខណៈហិង្សា រើសអើងពូជសាសន៍ ក្នុងគោលបំណងទប់ ស្កាត់កុំមានការវាយប្រហារភេរវកម្ម ដូចនៅនូវែលសេឡង់កើតឡើងជាថ្មីទៀត៕

Loading...