ដំណាក់កាលនេះ លោក ផែង វណ្ណៈ ត្រូវតុលាការសម្រេចចោទប្រកាន់២បទល្មើស តាមមាត្រា៤៩៤-៤៩៥ និងមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ

April 03, 2019 454

ភ្នំពេញ ៖ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩នេះ តុលាការបានសម្រេចចោទប្រកាន់លោក ផែង វណ្ណៈ ចំនួន២បទល្មើស តាមបណ្តឹងមេធាវីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលអាចប្រឈមមុខការជាប់ពន្ធនាគាររហូតដល់២ឆ្នាំ។

លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ថ្លែងតាមបណ្ដាញសង្គម Telegram ថា "ក្រោយពីបានពិនិត្យសំណុំរឿងនិងការសាកសួរចម្លើយលើឈ្មោះ ផែង វណ្ណៈ  រួចមក តំណាងអយ្យការបានសម្រេចបើកការស៊ើបសួរដោយចោទប្រកាន់ពីបទ បរិហារកេរ្តិជាសាធារណៈនិងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៌ តាមមាត្រា៤៩៤ មាត្រា៤៩៥ និងមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ហើយបញ្ជូនបុគ្គលនេះនិងសំណុំរឿងទៅចៅក្រមស៊ើបសួរដើម្បីបន្តចំណាត់ការតាមនីតិវិធី"។ នៅដំណាក់កាលនេះ ចៅក្រមស៊ើបសួរ នឹងសម្រេចឃុំខ្លួន ឬមិនឃុំខ្លួនលោក ផែង វណ្ណៈ។

បទល្មើសញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលពី៦ខែទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល ទៅ៤លានរៀល។

បទល្មើសបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ កំណត់ផ្តន្ទាទោសពិន័យជាប្រាក់ពី១សែនរៀលទៅ១០លានរៀល៕

Loading...