ក្ដៅៗ! កងទ័ពឥណ្ឌាទាំងអស់ ត្រៀមខ្លួនរួចជាស្រេច ដើម្បីវាយប្រហារតាមផ្លូវអាកាសសាជាថ្មី ទៅលើទឹកដីប្រទេសប៉ាគីស្ថាន

April 03, 2019 67

ញូដេលី ៖ ស្ថានីយទូរទស្សន៍ India TV News បានរាយការណ៍ថា កងទ័ពឥណ្ឌាទាំងអស់ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីដឹកនាំការវាយប្រហារ តាមផ្លូវអាកាសសាជាថ្មី ទៅលើទឹកដីប្រទេសប៉ាគីស្ថាន ស្របពេលមានការព្រួយបារម្ភថា ជម្លោះរវាងប្រទេសទាំង២ រាប់ទសវត្សរ៍មកនេះអាចនឹងផ្ទុះឡើងជាថ្មី បន្ទាប់ពីការបាញ់ទម្លាក់យន្តហោះចម្បាំង គ្នាទៅវិញទៅមក នាប៉ុន្មានសប្តាហ៍កន្លងទៅនេះ។

យោងតាម India TV News ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា លោក អាជីត ដូវ៉ាល់ (Ajit Doval) ធ្វើការកត់សម្គាល់ខាងលើប្រាប់នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) នៅអំឡុងកិច្ចប្រជុំគណៈកម្មាធិការសន្តិសុខមួយ នៅថ្ងៃអង្គារសប្ដាហ៍នេះ។ លោក Doval បានបន្ថែមថា កងទ័ពជើងគោកអាកាស និងកងនាវាឥណ្ឌាទាំងអស់ត្រៀមខ្លួនរួចជានិច្ច ក្នុងការធ្វើសកម្មភាពប្រឆាំងនឹងប៉ាគីស្ថាន។ ប៉ុន្តែទន្ទឹមគ្នា លោក Modi បានស្នើដល់កងទ័ពឥណ្ឌាប្រឹងប្រែងធ្វើយ៉ាងណា កុំឱ្យប៉ះពាល់ដល់អាយុជីវិតជនស៊ីវិលស្លូតត្រង់។

គួរបញ្ជាក់ថា សេចក្ដីរាយការណ៍ខាងលើ កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយយោធាប៉ាគីស្ថាន បានព្រមានចាត់វិធានការគ្រប់រូបភាពទាំងអស់ ដើម្បីការពារខ្លួន ពីសកម្មភាពបង្ករឿងនានាពីសំណាក់ប្រទេសឥណ្ឌា។ ដោយឡែកកាលពីថ្ងៃអង្គារម្សិលមិញ នេះ ក៏មានសេចក្តីរាយការណ៍ព័ត៌មានមួយផងដែរថា កងទ័ពឥណ្ឌាបាន ធ្វើការ បាញ់ ប្រហារ នៅតំបន់ព្រំដែនជាមួយប៉ាគីស្ថាន ដែលបានបង្កឲ្យទាហានប៉ាគីស្ថាន ០៣នាក់បាត់បង់ជីវិត និងមួយចំនួនទៀតរងរបួស ហើយភាពតានតឹងខ្លាំងក៏បានផ្ទុះឡើងវិញសាជាថ្មី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី៣ ខែមេសា ឆ្នាំ២០១៩៕

Loading...