ប្រព័ន្ធការពារមីស៊ីលរុស្ស៊ី S-400 មួយគ្រឿងទៀត នឹងត្រូវដឹកទៅឲ្យចិន មុនកាលកំណត់

April 04, 2019 66

ប៉េកាំង ៖ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែមេសា ឆ្នាំ២០១៩ បានចេញផ្សាយថា ប្រទេសចិន អាចនឹងទទួលបានប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 គ្រឿងទីពីរ ពីប្រទេសរុស្ស៊ីនារដូវក្តៅនេះ ក្រោយទីក្រុងប៉េកាំងបានចុះកិច្ចសន្យាតម្លៃ «០៣ពាន់លានដុល្លារ» ដើម្បីទិញប្រព័ន្ធមីស៊ីលនេះសរុបទាំងអស់ចំនួន ០៦គ្រឿង កាលពីឆ្នាំ២០១៥ ជាមួយទីក្រុងម៉ូស្គូ។

បើតាមសារព័ត៌មាន The Diplomat ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 Triumf គ្រឿងទីពីរនឹងត្រូវប្រគល់ឲ្យដល់ដៃរបស់ កងកម្លាំងគ្រាប់រ៉ុក្កែតនៃយោធាចិន នៅខែកក្កដាខាងមុខ ពោលគឺ០៥ខែមុនការគ្រោងទុក។ យ៉ាងណាមិញសេចក្តីរាយការណ៍ នេះមិនទាន់មានការទទួលស្គាល់ពីក្រសួងការពារជាតិរុស្ស៊ី ឬក៏ចិននៅឡើយទេ។

គួរជម្រាបថា ប្រព័ន្ធ S-400 ដំបូងបំផុតរបស់ចិនត្រូវបានរុស្ស៊ីប្រគល់ឲ្យកាលពីខែឧសភា ឆ្នាំ២០១៨ បន្ទាប់ពីត្រូវបានបញ្ជូនទៅកាន់រុស្ស៊ីវិញនៅពាក់កណ្តាលផ្លូវ ក្រោយកប៉ាល់ដែលដឹកជញ្ជូនវា បានជួបជាមួយព្យុះភ្លៀងដ៏ខ្លាំង នៅត្រង់ច្រកសមុទ្រ អ៊ីងគ៍លីសឆានែល (English Channel) ដែលជាហេតុបង្កឲ្យបរិក្ខាមួយចំនួន របស់ប្រព័ន្ធមីស៊ីលការពារអាកាសនេះរងការខូចខាត៕

Loading...