ចាប់ខ្លួនប្រុសស្រី២នាក់ មុខសញ្ញាជួញដូរគ្រឿងញៀន និងដកហូតថ្នាំញៀន ជាង២០កញ្ចប់

May 01, 2019 32

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍បឹងទំពុន១ ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរថ្នាំញៀន និងដកហូតគ្រឿងញៀន ចំនួន១៣កញ្ចប់ធំតូច កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ មុខក្លោងទ្វាវត្តសន្សំកុសល ផ្លូវ២៧១ ភូមិសន្សំកុសល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នគរបាលប៉ុស្តិ៍បឹងទំពុនទី១ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១.ឈ្មោះ សេង វ៉ាន់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។ ទី២.ឈ្មោះ ឈន ស្រីម៉ុច ភេទស្រី អាយុ២៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងនោះដែរ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ ក្រាមពណ៌សថ្លា ចំនួន១៣កញ្ចប់ ក្នុងនោះមាន ថង់តូច១០ និងថង់ធំ០៣, ក្រដាសសម្រាប់ជក់ថ្នាំញៀន ចំនួន២កូនថង់, កូនថង់ប្លាស្ទិកមួយចំនួន, កូនកាបូបដៃ០១, ទូរស័ព្ទ ចំនួន២គ្រឿង, ម៉ូតូ១គ្រឿង ម៉ាកស្កុបពី ពណ៌សលាយកាប់ស្តាំង ពាក់ស្លាកលេខ ភ្នំពេញ 1BV-0593។

មុននឹងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យខាងលើ ដោយមានការចង្អុលបង្ហាញពីលោក វរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ កម្លាំងនគរបាលប៉ុស្តិ៍បឹងទំពុន១ បានដាក់កម្លាំងចុះអនុវត្តន៍ច្បាប់ចរាចរណ៍នៅផ្លូវ២៧១ មុខក្លោងទ្វាវត្តសន្សំកុសល ខណៈនោះស្រាប់តែមានជនសង្ស័យប្រុសស្រី២នាក់ ជិះម៉ូតូម៉ាកស្កុបពី ពណ៌សលាយកាប់ស្តាំង ពុំមានពាក់មួកសុវត្ថិភាពនោះទេ ឃើញដូចនោះសមត្ថកិច្ចបានឃាត់ឲ្យឈប់ដើម្បីត្រួតពិនិត្យ ស្រាប់តែរកឃើញថ្នាំញៀនចំនួន១៣កញ្ចប់ធំតូច ដែលជនសង្ស័យបានលាក់ទុកក្នុងឃ្លុបម៉ូតូស្កុបពីខាងមុខ ទើបធ្វើការឃាត់ខ្លួនតែម្តង។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាង ត្រូវបាននគរបាលប៉ុស្តិ៍បឹងទំពុនទី១ ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីឃាត់ខ្លួនបណ្តោះអាសន្ន កសាងសំណុំរឿងបន្ត បញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមច្បាប់បន្តទៀត៕

Loading...