គួរអាន! លេងទូរស័ព្ទច្រើនពេក ប្រយ័ត្នជួបប្រទះបញ្ហាគួរឲ្យព្រួយបារម្ភទាំងនេះ

May 07, 2019 48

សុខភាព ៖ ទូរស័ព្ទសព្វថ្ងៃអាចប្រើធ្វើអ្វីៗបានជាច្រើន ដូច្នេះ វាគ្មានអ្វីគួរឲ្យឆ្ងល់ទេ ដែលមនុស្សមិនតិចនាក់សឹងតែចំណាយពេលវេលាពេញមួយថ្ងៃ របស់ពួកគេលេងទូរស័ព្ទ។

ទោះជាយ៉ាងណា ប្រសិនបើអ្នកប្រើប្រាស់ ឬលេងទូរស័ព្ទច្រើនពេកនោះ អ្នកប្រាកដជានឹងជួបប្រទះហានិភ័យនៃបញ្ហាសុខភាព គួរឲ្យព្រួយបារម្ភមិនខានឡើយ។ ថាតើបញ្ហាសុខភាពអ្វីខ្លះទៅដែលអ្នកអាចនឹងជួបប្រទះ? ខាងក្រោមនេះជា ហានិភ័យមួយចំនួន នៃការញៀនលេងទូរស័ព្ទ៖

ទី១.បញ្ហាភ្នែក៖ ការសម្លឹងមើលអេក្រង់ទូរស័ព្ទជាប់ជានិច្ច ឬយូរ បណ្ដាលឲ្យស្រលៀងភ្នែក និងមានការសន្ធឹងសាច់ដុំភ្នែក។ ជាលទ្ធផលអ្នកអាចនឹង ជួបប្រទះបញ្ហាខ្សោយ ការមើលឃើញ ឬមើលឃើញលែងច្បាស់។ ក៏ព្រោះទូរស័ព្ទដៃមិនដូចកុំព្យូទ័រ ដែលនៅមួយកន្លែងលើតុឡើយ ការសម្លឹងមើលវាគ្រប់ពេល គឺមានន័យថា អ្នកត្រូវសន្ធឹងសាច់ដុំភ្នែកជាប់ជានិច្ចផងដែរ។

ទី២.ឈឺចាប់រាងកាយ៖ ដោយសារតែការប្រើទូរស័ព្ទ តម្រូវឱ្យអ្នកដាក់ដៃកាន់ជាប់ និងប្រើប្រាស់ម្រាមដៃចុះឡើងៗ នោះលទ្ធផលនៃការឈឺចាប់ និងរលាកកដៃ ព្រមទាំងសន្លាក់ម្រាម គឺងាយនឹងកើតឡើងណាស់។ ទោះជាយ៉ាងណាក៏ដោយ ដៃមិនមែនជាផ្នែកតែមួយ នៃរាងកាយដែលទទួល រងការឈឺចាប់ឡើយ ដោយការប្រើប្រាស់ ឬលេងទូរស័ព្ទច្រើនពេក ក៏តម្រូវឲ្យអ្នកអោនចុះចំកោង-ក និងខ្នងផងដែរ។ ហើយមួយស្របក់ក្រោយមក អ្នកនឹងចុកក ឈឺខ្នង រួមទាំងស្មាសងខាងទៀត។

ទី៣.ឆ្លងមេរោគ៖ នោះក៏ព្រោះតែទូរស័ព្ទ មានផ្ទុកសម្បូរទៅដោយ មេរោគច្រើនជាង ចានបង្គន់ទៅទៀត! ជាពិសេស ប្រសិនបើអ្នកមិនសូវ លាងដៃញឹកញាប់ នោះទូរស័ព្ទអាចបង្កជំងឺ និងរោគឆ្លងផ្សេងៗ ដល់អ្នកបានយ៉ាងងាយ។ អ្នកជំនាញជាច្រើននិយាយថា ទូរស័ព្ទអាចជាកន្លែងងាយ នឹងប្រមូលផ្ដុំមេរោគច្រើនបំផុត ជាពិសេសប្រសិនបើអ្នក អនុញ្ញាតឱ្យអ្នកដៃទេប៉ះពាល់ ឬប្រើប្រាស់វា។

ទី៤.ជំងឺថប់បារម្ភ និងធ្លាក់ទឹកចិត្ត (Depression)៖ មកទល់នឹងពេលបច្ចុប្បន្ន មនុស្សរាប់លានអ្នកនៅ លើពិភពលោកកំពុងជួបប្រទះ បញ្ហានៃជំងឺថប់បារម្ភ និងធ្លាក់ទឹកចិត្ត។ យោងតាមអ្នកឯកទេស ខាងសុខភាពផ្លូវចិត្ត ភាគច្រើននៃបញ្ហាសុខភាពផ្លូវចិត្ត អាចបណ្ដាលមកពីភាព តានតឹងក្នុងអារម្មណ៍។ ហើយអ្វីទៅជាមូលហេតុ ចម្បងដែលធ្វើឱ្យមនុស្សជាច្រើន សព្វថ្ងៃនេះមានអារម្មណ៍ស្ត្រេស? នោះ គឺការចំណាយពេលច្រើន លេងបណ្ដាញសង្គមតាមរយៈ ទូរស័ព្ទដៃរបស់ពួកគេ។ ផ្អែកលើការស្រាវជ្រាវ មួយបង្ហាញថា អ្នកដែលចំណាយពេល របស់ខ្លួនច្រើនលើទូរស័ព្ទ គឺងាយនឹងទទួលរងបញ្ហាថប់បារម្ភ និងធ្លាក់ទឹកចិត្ត ជាងអ្នកដែលមិនសូវលេងទូរស័ព្ទ៕

Loading...