៤ខែ ដើមឆ្នាំ២០១៩ កម្ពុជា អនុម័តគម្រោងវិនិយោគចំនួន១១៥គម្រោង ក្នុងទុនប្រមាណ៤ពាន់លានដុល្លារ

May 15, 2019 16

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០១៩នេះ គម្រោងវិនិយោគដែលត្រូវ បានអនុម័តមានចំនួន ១១៥គម្រោង ក្នុងទុនវិនិយោគប្រមាណ ៤ពាន់លានដុល្លារអាមេរិក បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៨ មានចំនួនត្រឹមតែ ៨១គម្រោង ក្នុងទុនវិនិយោគប្រមាណជា ៨៦៣លានដុល្លារអាមេរិកប៉ុណ្ណោះ។

ថ្លែងក្នុងវេទិកាធុរកិច្ចកម្ពុជា-នេប៉ាល់ នៅថ្ងៃទី១៤ ឧសភា សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងក្របខណ្ឌនៃការវិនិយោគ កម្ពុជានៅតែជាប្រទេសគោលដៅ ដែលមានសក្តានុពល សម្រាប់អ្នកវិនិយោគទាំងក្នុងស្រុក និងបរទេស។ ជាក់ស្តែង ផ្អែកតាមការកត់ត្រា របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់រយៈពេល៥ឆ្នាំ (២០១៤-២០១៨) ស្ថានភាពវិនិយោគ របស់កម្ពុជាមានលក្ខណៈល្អប្រសើរ ដោយកម្ពុជាបានអនុម័ត គម្រោងវិនិយោគចំនួន ៩៥៩គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ ២៣ពាន់លានដុល្លារអាមេរិក ដែលអាចបង្កើតការងារចំនួន ១លានកន្លែង។

សម្ដេចតេជោបញ្ជាក់ថា "ដោយឡែក ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០១៩នេះ គម្រោងវិនិយោគដែលត្រូវ បានអនុម័តមានចំនួន ១១៥គម្រោង ក្នុងទុនវិនិយោគប្រមាណ ៤ប៊ីលានដុល្លារអាមេរិក បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៨ ដែលមានចំនួនត្រឹមតែ ៨១គម្រោង ក្នុងទុនវិនិយោគប្រមាណជា ៨៦៣លានដុល្លារអាមេរិកប៉ុណ្ណោះ"។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបន្ថែមថា ចំណែកវិស័យទេសចរណ៍ ចំនួនភ្ញៀវទេសចរដែលកម្សាន្តនៅកម្ពុជា បានបន្តកើនឡើងជាលំដាប់។ ជាក់ស្ដែង ក្នុងត្រីមាសទី១ ឆ្នាំ២០១៩ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរ បរទេសសរុបប្រមាណជា ១,៨៨លាននាក់ មានការកើនឡើង ៩,៧% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៨។ យើងរំពឹងថា ចំនួនភ្ញៀវទេសចរនឹងកើនឡើង បន្ថែមទៀតនៅក្នុងឆ្នាំបន្តបន្ទាប់ ដែលនេះជាឱកាសដ៏ល្អ សម្រាប់អ្នកវិនិយោគ និងធុរជន ក្នុងការបណ្តាក់ទុនក្នុងវិស័យនេះ៕

Loading...