រន្ទះបាញ់ស្លាប់២នាក់ប្តីប្រពន្ធ និងរបួសធ្ងន់ស្រាល៣នាក់ ខណៈនាំគ្នាដើររកផ្សិត នៅក្នុងព្រៃស្រុកក្រគរ ខេត្តពោធិ៍សាត់

May 15, 2019 29

ពោធិ៍សាត់ ៖ ប្តីប្រពន្ធ២នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង៣នាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាល ក្នុងករណីរន្ទះបាញ់មួយ ខណៈកំពុងនាំគ្នាត្រឡប់មកពីរកផ្សិតផូងផាងនៅក្នុងព្រៃ។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង៣និង៣០នាទី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០១៩ នៅចំណុចខាងលើស្ទឹងអំពុស ចម្ងាយ៣០០ម៉ែត្រ ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ករណីរន្ទះបាញ់នេះ បានកើតឡើងចំពោះមនុស្សប្រុសស្រី៥នាក់ បណ្តាលឲ្យស្លាប់២នាក់ របួសធ្ងន់ម្នាក់ និងរបួសស្រាល២នាក់ នៅពេលដែលពួកគេកំពុងនាំគ្នាត្រឡប់មកពីរកផ្សិតផូងផាងនៅក្នុងព្រៃ ខណៈមេឃអួអាប់រកនឹង ភ្លៀង។

សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះទាំង៥នាក់ ទី១-ឈ្មោះ សុខ គឿន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ ត្រូវជាប្តី (ស្លាប់នៅនឹងកន្លែង)

ទី២-ឈ្មោះ ណុប ចន្ថា ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតខ្មែរ ត្រូវជាប្រពន្ធ (ស្លាប់នៅនឹងកន្លែង) ទាំង២នាក់ប្តីប្រពន្ធមានទីលំនៅភូមិកាប៉ះលើ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ទី៣-ឈ្មោះ ហ៊ីម យៈ ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរឥស្លាម (របួសធ្ងន់) កំពុងសម្រាកព្យាបាល នៅមណ្ឌលសុខភាពឈើតុំ។ ទី៤-ឈ្មោះ សុះ ឯល ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរឥស្លាម (របួសស្រាល)។ ទី៥-ឈ្មោះ ឯល ម៉ាលី ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរឥស្លាម (របួសស្រាល) ទាំង៣នាក់ រស់នៅភូមិចាមថ្មី ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

បច្ចុប្បន្ន សាកសពជនេងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកអ្នករងរបួសកំពុងសំរាកព្យាបាល នៅមណ្ឌលសុខភាពឈើតុំ៕

Loading...