តុលាការ សម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនតៃកុងរថយន្ដបើកបុកនិងកិនម៉ូតូស្លាប់តាចៅ២នាក់ រងរបួសម្នាក់ ដាក់គុក PJ  ខណៈជនរងគ្រោះមិនទាន់ទទួលសំណង

May 15, 2019 100

ភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក  កូយ សៅ នៅល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ននេះ បានចេញដីកាសម្រេចឃុំខ្លួនតៃកុងរថយន្ដបើកបុកនិងកិនម៉ូតូតាចៅ២នាក់ស្លាប់ ចំណែកចៅម្នាក់ទៀតរងរបួស ដាក់ពន្ធនាគារPJ ជាបណ្ដោះអាសន្ន  ក្រោមការចោទប្រកាន់ពីបទ "បើកបរធ្វេសប្រហែសខ្ជីខ្ជាមិនប្រុងប្រយ័ត្នបណ្ដាលឲ្យស្លាប់អ្នកដទៃ" តាមមាត្រា៨៥ នៃច្បាប់ចរាចរផ្លូវគោក។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា តៃកុងរថយន្តបង្កមានឈ្មោះ សៀង រិទ្ធី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅភូមិចម្លត់ដៃ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ។ ចំណែកជនរងគ្រោះទី១មានឈ្មោះហួត សារុំ ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរជាកសិករស្នាក់នៅភូមិពោធិ៍កណ្ដាល ឃុំជ្រោយស្លា ស្រុកស្អាង ខេត្តកណ្ដាល (ជាជីតាបានស្លាប់ ) ទី២ឈ្មោះ រុំ ដាណេ ភេទស្រី អាយុ៩ឆ្នាំ ស្នាក់នៅជាមួយគ្នា (ជាចៅស្លាប់ )និងទី៣ ឈ្មោះ រុំ សំណាង ភេទប្រុស អាយុ២ឆ្នាំ ជាចៅរងរបួសស្រាល។

សូមរំលឹកថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ខណៈដែលលោកតាម្នាក់ ជិះម៉ូតូឌុបចៅប្រុសស្រី២នាក់ទៀត ទៅលេងឪពុកម្ដាយរបស់ពួកគេនៅសង្កាត់រលួស ព្រោះឃើញចៅនឹកឪពុកម្ដាយពួកគេពេក លុះត្រឡប់មកវិញ ត្រូវបានរថយន្តហ៊ីណូ ប៉ះម៉ូតូលោកតាពីក្រោយ បណ្តាលឲ្យខ្ទាតទាំងចៅនិងតា២នាក់ទៅលើដងផ្លូវ ត្រូវបានរថយន្តបង្កកិនស្លាប់ទាំង២នាក់យ៉ាងរន្ធត់បំផុត និងចៅប្រុសតូចម្នាក់ទៀត ខ្ទាតចេញពីលើម៉ូតូរងរបួសស្រាល។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទីល្ងាច ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ៥០ម៉ែត្របំបែកជាបួន ក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សូមជម្រាបផងថា បន្ទាប់ពីកើតហេតុក្រុមគ្រួសារជនរងគ្រោះ បានយកសាកសពទៅធ្វើបុណ្យតាមប្រពៃណី ទាំងមិនទាន់ទទួលបានសំណងពីតំណាងរថយន្ដបង្កនៅឡើយនោះទេ ប៉ុន្ដែតៃកុងរថយន្ដ ត្រូវលោកចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានចាត់ការតាមនីតិវិធីច្បាប់៕

Loading...