ចុមអីក៏ខ្លាំងម្លេះ! អាងខ្លួនជាឧត្តមសេនីយ៍ត្រី សង់សំណង់រំលោភព្រំដីអ្នកជិតខាង មានអីត្រូវអាជ្ញាធរខណ្ឌ និងសង្កាត់ចុះផ្អាក

May 15, 2019 71

ភ្នំពេញ ៖ មន្រ្តីអាវុធហត្ថលើផ្ទៃប្រទេសម្នាក់ អាងខ្លួនជាឧត្តមសេនីយ៍ត្រី សង់សំណង់រំលោភព្រំដីអ្នកជិតខាង ត្រូវអាជ្ញាធរខណ្ឌសែនសុខ និងអាជ្ញាធរសង្កាត់ភ្នំពេញថ្មី ចុះធ្វើកំណត់ហេតុឲ្យផ្អាកជាបណ្តោះអាសន្ន កាលីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ១៩៨២ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មន្ត្រីសាលាសង្កាត់ភ្នំពេញថ្មី បានឲ្យដឹងថា ម្ចាស់សំណង់មានឈ្មោះ មាស ដូណារ៉ា ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរ ជាអាវុធហត្ថលើផ្ទៃប្រទេស ពាក់ផ្កាយ១ ស្នាក់ផ្ទះលេខ២៧៨ ភូមិគោកចំបក់ សង្កាតចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពពីមន្ត្រីសាលាសង្កាត់ភ្នំពេញថ្មី បានបន្តថា ការដែលអាជ្ញាធរចុះមកហាមឃាត់ម្ចាស់សំណង់ខាងលើ គឺដោយសារតែសង់រំលោភលើព្រំដីអ្នកជិតខាង និងមានណ្តឹងទី២ ម្ចាស់សំណង់ខាងលើ បានសុំច្បាប់ពីអាជ្ញាធរសង្កាត់ខណ្ឌត្រឹមតែជុសជុលបន្ថែមនៅជាន់ទី២ប៉ុន្តែផ្ទុយទៅវិញម្ចាស់សំណង់បានសង់សំណង់ថ្មីផ្ទុយនឹងច្បាប់អនុញាត ទើបអាជ្ញាធរចុះមកធ្វើកំណត់ហេតុផ្អាកសាងសង់បណ្តោះអាសន្ន។

ប្រភពពីប្រពលរដ្ឋដែលរស់នៅក្បែនោះ បានលើកឡើងថា សម័យនេះកុំចូលចិត្តយកផ្កាយនៅលើស្មាមកបង្អួតគេបង្អួតឯងពេក កុំអាងថាខ្លួនមានផ្កាយពាក់ហើយចង់ធ្វើអី្វតាមតែចិត្តនោះ ព្រោះប្រទេសមានច្បាប់ កុំសុំច្បាប់ជុសជុលសោះ បែរជាសង់សំណង់ថ្មីមិនតែប៉ុណ្ណោះ រំលោភព្រំដីអ្នកជិតខាងទៀត។ ដូចច្នេះហើយពលរដ្ឋបានសុំណូមពរឲ្យនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកជួយពិនិត្យមើលលោកផ្កាយ១រូបនេះផង កុំឲ្យធ្វើអ្វីចេះតែបំពានច្បាប់បែបនេះ នាំឲ្យខូចឈ្មោះអង្គភាពអាវុធហត្ថទាំងមូល។

ពាក់ព័ន្ធនឹងករណីខាងលើនេះ លោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ បានប្រាប់អង្គភាព CSNDAILY តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩នេះថា លោកបានឲ្យមន្ត្រីសាលាខណ្ឌ ចុះទៅហាមឃាត់ម្ចាស់ទីតាំងខាងលើ ឲ្យផ្អាកសាងសង់ រងចាំដោះស្រាយគ្នាសិន ព្រោះមានបណ្តឹងពីពលរដ្ឋជិតខាង៕

Loading...