នារី២នាក់ ជិះម៉ូតូឌុបគ្នាទៅទិញម្ជូរ ត្រូវរថយន្តឡិចស៊ីស Lexus -570 បុកពេញទំហឹង ស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់

May 16, 2019 45

ភ្នំពេញ ៖ នារី២នាក់ បើកម៉ូតូមួយគ្រឿងឌុបគ្នាទៅទិញម្ជូរ ត្រូវរថយន្តស៊េរីទំនើបបើកបុកផ្លោងចូលក្រោមរថយន្តមួយគ្រឿងទៀតចតតាមចិញ្ចើមផ្លូវ បណ្តាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីម៉ោង៣និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃព្រហស្បត្តិ ទី១៦ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៩ កែងនិងផ្លូវលេខ១០៨ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ស្រ៊ុន សំបាត់ចរិយា អាយុ២៤ឆ្នាំ និងអ្នករងរបួសធ្ងន់មានឈ្មោះ សៀត គ្រីម៉ាស់ អាយុ២៥ឆ្នាំ។

ប្រភពព័ត៌មានពីបុរសម្នាក់ បានឲ្យដឹងថា មុនកើតហេតុ នារីរងគ្រោះទាំងពីរនាក់ ជាអ្នករួមការងារជាមួយគ្នា នៅហាងអ៊ិនធើណេតមួយកន្លែង បានខ្ចីម៉ូតូគាត់មួយគ្រឿង ម៉ាកស្មាក់រ៉េវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AW-1867 យកជិះទៅទិញម្ជូហូប ដោយធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៩ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាក Lexus -570 ពណ៌ស មិនចាំស្លាកលេខ បើកបរតាមបណ្តោយផ្លូវលេខ១០៨ ក្នុងទិសដៅពីលិចទៅកើត មកបុកពេញទំហឹង បណ្តាលឲ្យជនរងគ្រោះម្នាក់ ផ្លោងទៅចូលក្រោមរថយន្តមួយគ្រឿងទៀត ម៉ាកឡិចស៊ីស GX470 ពណ៌ស ចតនៅចិញ្ចើមផ្លូវ បណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមៗរីឯម្នាក់ទៀត រងរបួសធ្ងន់ ត្រូវរថយន្តសង្គ្រោះគ្លីនិកឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ រីឯរថយន្តបង្កបើករត់គេចខ្លួនបាត់ស្រមោល។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកយកម៉ូតូជនរងគ្រោះទៅរក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋានខណ្ឌដូនពេញ រងចាំសាច់ញាត្តិយកឯកសារមកផ្ទៀតផ្ទាត់ប្រគល់ជូនម្ចាសវិញ។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុ រួចប្រគល់ជូនសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

Loading...