គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ! ប៉ូលិសខណ្ឌមានជ័យ ចាប់ម៉ូតូ៤គ្រឿង អូសឡើងឡានយកទៅធ្វើការបង់ផាកពិន័យ

May 16, 2019 14

ភ្នំពេញ ៖ កម្លាំងនគរបាលចម្រុះ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឃាត់ម៉ូតូ៤គ្រឿងទៀតហើយ ខណៈដែលម្ចាស់បើកបរឆ្លងកាត់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ជាតិអាកុល និងពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក ហើយបានរកឃើញថា អ្នកទាំងនោះអត់ពាក់មួកការពារសុវត្ថិភាព និងមិនដាក់កញ្ចក់សម្រាប់មើលក្រោយ។

មន្ត្រីអនុវត្តច្បាប់ចរាចរណ៍ខណ្ឌមានជ័យ បានឲ្យដឹងថា ការដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ជាតិអាកុល និងពង្រឹងច្បាប់ចរាចរណ៍នេះ ធ្វើឡើងនៅចំណុចមុខផ្សារស្ទឹងមានជ័យ(ថ្មី) ផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាយប់ថ្ងៃព្រហស្បត្តិ៍ ទី១៦ ខែឧសភា ឆ្នាំ២០១៩ ចាប់ពីម៉ោង៩៖០០នាទី ដល់ម៉ោង១១៖០០នាទី។

ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការខណ្ឌមានជ័យ បានឲ្យកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យចំនួន២៥នាក់ ដឹកនាំដោយអធិការរង៣រូប មានលោកវរសេនីយ៍ទោ នូ ទូច អធិការរងខណ្ឌ និងលោកវរសេនីយ៍ត្រី គង់ សុវង្ស  អធិការរងខណ្ឌ និងវរសេនីយ៍ត្រី ជឹម សុភ័ក្រ អធិការរង។

ជាលទ្ធផលត្រួតពិនិត្យបានរួមមាន៖ ១-រថយន្តឆ្លងកាត់គោលដៅចំនួន៤៦គ្រឿង។ ២-ម៉ូតូឆ្លងកាត់គោលដៅចំនួន ៦៣០គ្រឿង (ក្នុងនោះធ្វើការត្រួតពិនិត្យចំនួន២៦គ្រឿង ដែលអ្នកបើកបរគ្មានពាក់មួកសុវត្ថិភាព) ដើម្បីធ្វើការត្រួតពិនិត្យ ព្រមទាំងធ្វើការអប់រំណែនាំដល់ បងប្អូនដែលធ្វើដំណើរតាមផ្លូវ សូមឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងឃាត់ម៉ូតូចំនួន៤គ្រឿង យកមកអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីធ្វើការបង់ផាកពិន័យតាមច្បាប់)។ ៣-អាវុធឆ្លងកាត់គ្មាន។ ៤-អ្នកបើកបរមានជាតិស្រវឹង ១គ្រឿង កម្រិតអប់រំណែនាំរួចអនុញាតិឲ្យធ្វើដំណើរបន្ត)៕

Loading...