តុលាការក្រុងភ្នំពេញ សម្រេចឃុំខ្លួនជនជាតិចិនម្នាក់ រឿងរួមភេទជាមួយអនីតិជន អាយុ១៤ឆ្នាំ

May 16, 2019 13

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ឌុច សុខសារិន កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ម្សិលមិញនេះ បានចេញដីកាឃុំខ្លួនជនជាតិចិនម្នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធករណីរួមភេទជាមួយអនីតិជន អាយុក្រោម១៥ឆ្នាំ។

នគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានថ្លែងថា ជនជាតិចិនរូបនេះមានឈ្មោះ ឈីវ ឆាងអ៊ី អាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង់ចល័ត មានស្រុកកំណើតភូមិជីងពូក ស្រុកថៃសាន ក្រុងតាអាន់ ខេត្តជីលីង និងមានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ១៣B-១៥B ផ្លូវណតប្រ៊ីត ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ តាមពាក្យបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះ។

សមត្ថកិច្ចបានបញ្ជាក់ថា កាលពីអំឡុងចុងខែមេសា ឆ្នាំ២០១៩ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ជនជាតិចិន និងក្មេងស្រីរងគ្រោះ អាយុ១៤ឆ្នាំ បានស្គាល់គ្នា និងបានទាក់ទងគ្នា ជាញឹកញាប់តាមប្រព័ន្ធទំនាក់ទំនងសង្គមវីឆាត (Wechat)។

ក្រោយមកជនជាតិចិន បានឆាតឲ្យក្មេងស្រីរងគ្រោះទៅជួបនៅផ្ទះសំណាក់ឈ្មោះ ឡាន់ ធាន ស្ថិតនៅផ្លូវណតប្រ៊ីត ខណ្ឌសែនសុខ និងបានលួងលោមរួមភេទ បានចំនួន២ដង ដោយមានថតរូបទុកទៀតផង និងបានសន្យាថា នឹងទិញចិញ្ជៀនឲ្យ ហើយនឹងចូលស្តីដណ្តឹងរៀបការ និងនាំទៅរស់នៅប្រទេសចិនទៀតផង៕

Loading...