អាជ្ញាធរខណ្ឌទួលគោក ចុះពិនិត្យ និងណែនាំកុំឲ្យហាងអ៊ីនធឺណេត "22B សោះហោះ" បើកល្បែងស៊ីសង តែរកមិនឃើញនូវអ្វីដូចការចោទរបស់ពលរដ្ឋឡើយ

May 16, 2019 97

ភ្នំពេញ ៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក បានបញ្ជាឲ្យលោក ទាវ សំអឿន អភិបាលរងខណ្ឌ ដឹកនាំមន្ត្រីសាលាខណ្ឌនិងសង្កាត់ ចុះទៅពិនិត្យទីតាំងអ៊ិនធឺណេតយីហោ "22សញ្ញាសេះហោះ" ដែលរងការចោទថា លួចបង្កប់ល្បែងស៊ីសងខុសច្បាប់។ ការចុះពិនិត្យទីតាំងខាងលើនេះ ធ្វើឡើងកាលព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេខ១៨២ សង្កាត់ទឹកល្អក់ទី២  ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមកំណត់ហេតុរបស់អាជ្ញាធរខណ្ឌទួលគោក បានបង្ហាញថា ទីតាំងហាងអ៊ីនធឺណេត ដែលរងការចោទថា មានបង្កប់ល្បែងស៊ីសងខាងលើ មានច្បាប់អនុញាតិចេញពីក្រសួងព័ត៌មានត្រឹមត្រូវ និងរកមិនឃើញនូវអ្វីដូចការចោទរបស់ប្រជាពលរដ្ឋឡើយ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរខណ្ឌទួលគោក បានហាមម្ចាស់ទីតាំងអ៊ិនធឺណេតយីហោ "22សញ្ញា សេះហោះ" នេះមិនឲ្យមានបង្កប់ល្បែងស៊ីសងខុសច្បាប់ ដូចដែលប្រជាពលរដ្ឋរាយការណមកអាជ្ញាធរនោះទេ។

សូមបញ្ជាក់ថា ការចុះទៅពិនិត្យ និងធ្វើកំណត់ហេតុថា ហាងអ៊ីនធឺណេតខាងលើ គ្មានល្បែងស៊ីសង បន្ទាប់ពីប្រជាពលរដ្ឋបានរាយការណ៍ឲ្យអ្នកសារព័ត៌មានចុះផ្សាយរឿងទីតាំងអ៊ិនធឺណេតយីហោ (22B សញ្ញា សេះហោះ ) មានបង្កប់ល្បែងស៊ីសងតាមប្រព័ន្ធ online ២៤ម៉ោងលើ២៤ម៉ោង ហើយមានក្មេងទំនើងចេញចូលលេងល្បែងស៊ីសងសេពគ្រឿងញៀន និងបង្កភាពភ័យខ្លាចដល់ពួកគាត់។

ពលរដ្ឋសង្ឃឹមថា ទីតាំងខាងលើនេះ នឹងមិនមានបើកល្បែងស៊ីសង នៅពេលដែលអាជ្ញាធរត្រលប់ទៅវិញអស់ ព្រោះរាល់ថ្ងៃពួកគាត់រស់នៅក្បែរនោះ ពិតជាឃើញផ្ទាល់ភ្នែកថា មានបើកល្បែងស៊ីសងប្រាកដមែន៕

Loading...