ស្ថាបនិកក្រុមហ៊ុន Huawei កំពុងពិភាក្សាជាមួយ Google រឿងបំរាមរបស់សហរដ្ឋអាមេរិក

May 22, 2019 34

ប៉េកាំង ៖ លោក Ren Zhengfei នាយកប្រតិបត្តិ និងជាស្ថាបនិករបស់ក្រុមហ៊ុន Huawei បាននិយាយនៅក្នុងបទសម្ភាសន៍មួយ ជាមួយប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុករបស់ចិនថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន ដែលមានមូលដ្ឋាននៅទីក្រុង Shenzhen កំពុងចរចាជាមួយក្រុមហ៊ុន Google លើបញ្ហានៃការរឹតត្បិត របស់សហរដ្ឋអាមេរិក។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ បាន ឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់លោក Ren ថា ក្រុមហ៊ុន Google គឺជាក្រុមហ៊ុនដែលទទួលខុសត្រូវខ្ពស់ ដោយលោកបានបន្ថែមថា ភាគីទាំងពីរបានពិភាក្សាអំពី របៀបបង្កើតផែនការឆ្លើយតប។

ប្រព័ន្ធផ្សព្វផ្សាយ កាលពីសប្ដាហ៍មុនគឺបានផ្សាយ ដោយដកស្រង់ប្រភពគ្មានឈ្មោះថា Google បានផ្អាកប្រតិបត្តិការ អាជីវកម្មជាមួយក្រុមហ៊ុន Huawei រួមទាំងការផ្ទេរផ្នែករឹង ផ្នែកទន់ (hardware, software ) និងសេវាកម្មបច្ចេកទេសលើកលែង តែការផ្តល់អាជ្ញាប័ណ្ណ បើកចំហរជាសាធារណៈ។

ការប្រកាសផ្អាកនេះ បានកើតឡើងបន្ទាប់ពី លោកប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចេញបទបញ្ជាប្រតិបត្តិមួយ ដែលរឹតត្បិតសកម្មភាពរបស់ក្រុមហ៊ុន Huawei នៅក្នុងទឹកដីអាមេរិក ដោយសារតែមានការជាប់ពាក់ព័ន្ធ ក្នុងការធ្វើចារកម្មឱ្យរដ្ឋាភិបាលចិន៕

Loading...