សង្គមស៊ីវិលផ្នែកជលផល នឹងជួយលើកម្ពស់ជីវភាពប្រជានេសាទ នៅឃុំផាត់សណ្តាយ ខេត្ដកំពង់ធំ

June 12, 2019 20

កំពង់ធំ ៖ សង្គមស៊ីវិលផ្នែកជលផល នឹងជួយលើកម្ពស់ជីវភាពប្រជានេសាទ នៅឃុំផាត់សណ្តាយ ខេត្ដកំពង់ធំ តាមរយៈការបណ្ដុះបណ្ដាលប្រជានេសាទឲ្យចេះបំរើសេវាកម្មទេសចរណ៍នានា ដើម្បីទាញយកចំណូលក្នុងសេដ្ឋកិច្ចគ្រួសារ។

លោក ឱម សាវ៉ាត នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាព ដើម្បីអភិរក្សធនធានជលផល បានលើកឡើងថា អង្គការនិងអាជ្ញាធរដែនដី និងអប់រំប្រជាពលរដ្ឋឲ្យចេះបំរើសេវាកម្ម ទេសចរណ៍មួយចំនួន ដូចជាបង្កើតផ្ទះស្នាក់នៅបណ្តែតទឹកសម្រាប់ភ្ញៀវស្នាក់នៅ ដឹកជញ្ជូនភ្ញៀវទស្សនាព្រៃព្រឹក្សាសត្វស្លាបរួមទំាងសេវាកម្មបំរើម្ហូបអាហារគ្មានគីមី ជាពិសេសត្រីដែលរកបាននៅក្នុងសហគមន៍នេះ។

លោកបញ្ជាក់ថា នៅពេលប្រជាសហគមន៍ទទួលបានប្រភពចំណូលពីតំបន់នេះ នឹងធ្វើឲ្យពួកគេកាន់តែបង្កើនកិច្ចអភិរក្សដើរល្បាត និងទប់ស្កាត់ការនេសាទខុសច្បាប់យ៉ាងមានប្រសិទ្ធភាព ខណៈដែល វិស័យទេសចរណ៍ផ្តល់ប្រភពបានច្រើន។

លោកបន្ថែមថា ក្រុមប្រជាសហគមន៍នេសាទផាត់សណ្តាយបានឯកភាពគ្នាត្រៀមកែច្នៃតំបន់មួយចំនួនឲ្យកា្លយជា តំបន់អេកូទេសចរណ៍តាមរូបភាពរក្សាព្រៃលិចទឹក ការពារជម្រកសត្វស្លាប ជម្រកត្រីមេពូជនិង បង្កើតទូកដឹកជញ្ជូនភ្ញៀវទស្សនាព្រៃលិចទឹក ដើម្បីទាញយកប្រភពចំណូលបន្ថែមក្រៅពីមុខរបរនេសាទ។

ជាមួយគ្នានេះ លោកហេង មនោ មេឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំបានឲ្យដឹងដែរថា អាជ្ញាធរឃុំបានគ្រាំទ្រយ៉ាងខ្លំាងចំពោះគម្រោងប្រែក្លាយតំបន់ផាត់សណ្តាយឲ្យទៅជាតំបន់អេកូទេសចរណ៍ ដើម្បីជួយឲ្យតំបន់នេះ កាន់តែមានកិច្ចគាំពារមានកម្រិត ខ្ពស់លើវិស័យធនធានជលផលនៃព្រៃលិចទឹក និងសត្វស្លាបជាដើម។

សូមបញ្ជាក់ថា តំបន់សហគមន៍នេសាទផាត់សណ្តាយ គឺស្ថិតនៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយមានទំហំផ្ទៃដីប្រហែលជាង៩ពាន់ហិចតា គ្របដណ្តប់ដោយព្រៃលិចទឹកឈើក្រាស់ៗ ម្លប់ត្រឈឹងត្រឈៃ មានសត្វស្លាប និងលំនៅដ្ឋានអ្នកភូមិ ជាង៤ពាន់គ្រួសារ៕

Loading...