ស្លាប់ទាំងព្រឹកទៀតហើយ! រថយន្តកូរ៉ូឡា ផ្តាច់ជីវិតស្រ្តីម្នាក់ នៅខណ្ឌដូនពេញ

June 12, 2019 35

ភ្នំពេញ ៖ ស្រ្តីម្នាក់ បានស្លាប់ភ្លាមៗ និងម្នាក់ទៀត រងរបួសធ្ងន់ បន្ទប់ត្រូវរថយន្តមួយគ្រឿង ម៉ាកកូរ៉ូឡ បើកបុកពេញទំហឹង បណ្តាលឲ្យស្លាប់យ៉ាងអណោចអធ័មទាំងព្រឹក ចំណែកឯម្ចាស់រថយន្តរត់គេចខ្លួនបាត់ស្រមោល កាលពីវរលាម៉ោង៥នឹង១៥នាទីទាបភ្លឺ ឈានចូលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវព្រះនរោត្តម កែងផ្លូវ២១៤ ត្រង់ចំណុចអនុវិទ្យាល័យចតុមុខ ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះប្រុសម្នាក់ ស្រីម្នាក់ បានជិះម៉ូតូ១គ្រឿង ម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ 1l-19 80 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ស្តុបបែកជាបួន ក៏មានរថយន្តកូរ៉ូឡា ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2A-67 06 ធ្វើដំណើរពីត្បូងទៅជើង ក្នុងរឿងល្បឿនលឿន បានជ្រុលមកបុកម៉ូតូជនរងគ្រោះ បណ្ដាលឲ្យនារីម្នាក់ស្លាប់នឹងកន្លែងកើតហេតុ និងម្នាក់ទៀតជាបុរសរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះភ្លាមៗតែម្ដង។

ជនរងគ្រោះមានឈ្មោះ នាង លាបភា ភេទស្រី អាយុ២៦ឆ្នាំ មានមុខរបរនៅផ្ទះ ស្នាក់នៅម្តុំបាក់ទូក មានស្រុកកំណើតនៅ ខេត្តបាត់ដំបង រីឯជនរងគ្រោះរងរបួសធ្ងន់មានឈ្មោះ ណាត់ វិចិត្រ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅម្តុំបាក់ទូក មានមុខរបរចុងភៅ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកធ្វើការវាស់វែង និងទំនាក់ទំនងទៅខាងចរាចរណ៍ជើងគោកមកធ្វើកំណត់ហេតុ យករថយន្តបង្ក និងម៉ូតូ ជនរងគ្រោះទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ។ ចំណែកសពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...