Maurizio Sarri ត្រូវតែងតាំងដឹកនាំក្លិប Juventus ផ្លូវការ ក្រោមកិច្ចសន្យា៣ឆ្នាំ

June 17, 2019 37

បាល់ទាត់ ៖ លោក Maurizio Sarri ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីក្នុងការដឹកនាំក្លឹបសេះបង្កង់ Juventus ក្រោមកិច្ច សន្យារយៈពេល ៣ឆ្នាំ បន្ទាប់ពី Juventus ព្រមព្រៀងបង់ប្រាក់ប្រមាណ ៦.៣លានដុល្លារទៅឲ្យ Chelsea ដើម្បីផ្តាច់ កិច្ចសន្យារយៈពេល ២ឆ្នាំដែលនៅសល់។

តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយថា គ្រូបង្វឹកសញ្ជាតិអ៊ីតាលី វ័យ ៦០ឆ្នាំរូបនេះ ត្រូវបានតែងតាំងជំនួស កៅអីគ្រូបង្វឹកសញ្ជាតិអ៊ីតាលីដូចគ្នា Massimiliano Allegri ដែលត្រូវបានបញ្ចប់តំណែង ក្រោយបញ្ចប់រដូវកាលឆ្នាំ២០១៨-២០១៩ បើទោះបីជាលោក (Sarri) ពុំធ្លាប់ឈ្នះពានធំណាមួយពីមុនមកក៏ដោយ។

កាលពីខែកក្កដា ឆ្នាំ២០១៨ Maurizio Sarri បានចុះកិច្ចសន្យារយៈពេល ៣ឆ្នាំក្នុងការដឹកនាំក្លឹបតោខៀវ Chelsea ដោយបានដឹកនាំក្លឹបស្ថិតនៅទីក្រុង London ប្រទេសអង់គ្លេសមួយនេះបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៣ នៅ Premier League នៃរដូវកាលឆ្នាំ២០១៨-២០១៩ ជាមួយនឹងការឈ្នះជើងឯកពានរង្វាន់លំដាប់ទី២ ប្រចាំទ្វីបអឺរ៉ុប UEFA Europa League ថែមទៀតផង ក្រោយបំបាក់ ៤-១ នៅវគ្គផ្តាច់ព្រ័ត្រ។

Sarri បានក្លាយជាអ្នកចាត់ការទូទៅទី៩ ដែលបានចាកចេញពីក្លឹប Chelsea ក្រោមការគ្រប់គ្រងរបស់សេដ្ឋីរុស្ស៊ី Roman Abramovich ដែលបានចំណាយទិញក្លឹបនេះកាលពីឆ្នាំ២០០៣កន្លងទៅ៕

Loading...