Valencia ចុះកិច្ចសន្យានាំយកកីឡាករចាំទីCillessen ពីក្លិប Barcelona ក្នុងតម្លៃ៤០លានដុល្លារ

June 27, 2019 21

បាល់ទាត់ ៖ ក្លឹបដែលជាគូប្រជែងនៅក្របខណ្ឌ La Liga, Valenica CF បានព្រមព្រៀងក្នុងការចុះកិច្ចសន្យានាំ យកកីឡាករចាំទី Jasper Cillessen ពីក្លឹបអ្នកមានបុណ្យ FC Barcelona ជាផ្លូវការហើយក្នុងតម្លៃខ្លួនប្រមាណ ៣៥លានអឺរ៉ូ ស្មើនឹង ៤០លានដុល្លារសហរដ្ឋអាមេរិក។

តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយថា កីឡាករក្នុងក្រុមជម្រើសជាតិហូឡង់ វ័យ ៣០ឆ្នាំ Cillessen បានព្រម ព្រៀងចុះកិច្ចសន្យារយៈពេល ៤ឆ្នាំជាមួយ Valencia បន្ទាប់ពីចំណាយរយៈពេល ៣រដូវកាលនៅទឹកដី Nou Camp ចូលលេងបានតែ ៣២ប្រកួតប៉ុណ្ណោះជាមួយនឹងការឈ្នះពាន La Liga និងពានរង្វាន់ Copa del Rey បាន ២ដងដូចគ្នា និងពាន Spanish Super Cup បានម្តងដែរ។

ជាមួយនឹងកិច្ចសន្យារយៈពេល ៤ឆ្នាំជាមួយក្រុមថ្មី Valencia ធ្វើឲ្យតម្លៃខ្លួនទិញផ្តាច់កិច្ចសន្យារបស់ Cillessen កើនដល់ ៩១លានដុល្លារ និងត្រៀមបង្ហាញខ្លួនក្នុងវគ្គចែកពូល UEFA Champions League រដូវកាលឆ្នាំ២០១៩-២០២០ ផងដែរ ដ្បិត Valencia បញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៤ កាលពីរដូវកាលមុននៅ La Liga។

គួររំលឹកផងថា ក្រុមជើងឯកលីគកំពូលអេស្ប៉ាញ FC Barcelona បានចុះកិច្ចសន្យានាំយក Jasper Cillessen ពីក្លឹបរបស់ហូឡង់ Ajax កាលខែសីហា ឆ្នាំ២០១៦ ក្នុងតម្លៃខ្លួន ១៤លានដុល្លារ ដើម្បីជំនួសកន្លែងអ្នកចាំទីដូចគ្នា Cluadio Bravo ដែលបានចាកចេញទៅចូលរួមជាមួយ Manchester City៕

Loading...