អាវុធហត្ថ ចាប់ខ្លួនជនជាតិ វៀតណាមម្នាក់ ពីបទកាន់កាប់ អាវុធខុស ច្បាប់នៅក្រុងបាវិត

June 23, 2018 238

ស្វាយរៀង ៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ កម្លាំងកងរាជអាវុធហត្ថ ខេត្តស្វាយរៀង បានបង្ហាញខ្លួនជនជាតិ វៀតណាមម្នាក់ ដែលជាប់ចោទ ពីបទកាន់កាប់ឬ ដឹកជញ្ជួនអាវុធ ដោយគ្មានច្បាប់អនុញ្ញត្ត ព្រមទាំងដកហូតបានកាំភ្លើងAK47មួយដើម។

មន្ត្រីអាវុធហត្ថបានបញ្ជាក់ថា ករណីចុះបង្ក្រាបនេះ បានធ្វើឡើង កាលពីវេលាម៉ោង ១៤និង ១០នាទីថ្ងៃទី២១ខែមិថុនាឆ្នាំ២០១៨ ស្ថិត ត្រង់ចំណុចភូមិ បាវិតកណ្តាល សង្កាត់ បាវិត  ក្រុង បាវិត ខេត្តស្វាយរៀង។

មន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀង បានឲ្យដឹងទៀតថា ដោយទទួលបានសេចក្ដី រាយ ការណ៍ថា នៅចំណុចខាងលើ មានករណីរក្សាទុកអាវុធ ខុសច្បាប់នោះលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ញាការរងទទួលផែនយុត្តិធម៌ ដឹកនាំកម្លាំងចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ និងមានការសម្របសម្រួលពីលោក គង់ ច័ន្ទខេមរទ្ធ ព្រះរាជអាជ្ញា នៃអយក្យការអមសាលាដំបូងខេត្តស្វាយរៀង ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ជាជនជាតិវៀតណាមដែលមានឈ្មោះ ទ្រឿង មិញថុង ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ កម្មករសំណង់់មានទីលំនៅភូមិ ៥ សង្កាត់ តឹងហៀប ក្រុង ធូយូវ ខេត្តប៊ិនយឿង ប្រទេសវៀតណាម។

តាមការឆ្លើយរបស់ជនសង្ស័យកាំភ្លើងនេះ គេទិញពីបុរសម្នាក់មិនស្គាល់ ឈ្មោះនៅក្រុង បាវិត។ វត្ថុតាងដែលសមត្ថកិច្ច ដកហូតបានរួម៖ទី១.កាំភ្លើងAK47មួយដើម,ទី២.បង់ចំនួន២បង់

ទី៣.គ្រាប់៥៦គ្រាប់, ទី៤.សឺមែល១,ទី៥.សាងសម្រាប់ ដាក់គ្រាប់១ខ្សែ,ទី៦.ពិល១,ទី៧.ឡាស៊ែ ដាក់ជាប់កាំភ្លើង១។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្តស្វាយរៀង ឃាត់ខ្លួនរួមនិងវត្ថុតាង ដើម្បីកសាងសំណុំរឿងបញ្ជួនបន្ត ទៅតុលាការដើម្បីចាត់ការ តាមនីតិវិធីច្បាប់៕

Loading...