ក្រុមបាល់ទាត់ស្រ្តីអាមេរិក ឡើងវគ្គផ្តាច់ព្រ័ត្រ Women’s World Cup ក្រោយយកឈ្នះ ក្រុមបាល់ទាត់ស្រ្តីអង់គ្លេស ២-១

July 03, 2019 26

បាល់ទាត់ ៖ ក្រុមបាល់ទាត់ស្រ្តីអាមេរិក បន្តឡើងទៅការពារជើងឯកពាន FIFA Women’s World Cup 2019 ក្នុងវគ្គ ផ្តាច់ព្រ័ត្រជាបន្តទៀត បន្ទាប់ពីទម្លាក់គូប្រជែង ស្រ្តីអង់គ្លេសក្នុងលទ្ធផល ២-១ យប់មិញនេះក្នុងវគ្គពាក់កណ្តាលផ្តាច់ ព្រ័ត្រដែលត្រូវបានធ្វើឡើងនៅទីក្រុង Lyon ប្រទេសបារាំង។

កីឡាការិនី Press ធ្វើបានសម្រេចគ្រាប់ទី១ ឲ្យសហរដ្ឋអាមេរិកត្រឹមចាប់ផ្តើមលេងបាន ១០នាទីប៉ុណ្ណោះ តែត្រូវបានកីឡាការិនី White ជួយឲ្យក្រុមនៅអឺរ៉ុបតាមបានស្មើវិញនៅ ៩នាទីបន្ទាប់ មុនពេលត្រូវបានកីឡាការិនីសំខាន់ Alex Morgan រកបានគ្រាប់ជ័យជម្នះឲ្យក្រុមការពារជើងឯកអាមេរិកនៅនាទី៣១ រហូតដល់ចប់ការប្រកួតពេញម៉ោង ៩០នាទី។

ក្នុងរយៈពេល ៤៥នាទីដែលនៅសល់សម្រាប់វគ្គទី២ នោះ ក្រុមកីឡាការិនីអង់គ្លេសបានធ្វើការវាយបក និងសម្រុកយ៉ាងខ្លាំងរហូតដល់ទទួលបានបាល់ប៉េណាល់ទី ១គ្រាប់ផងដែរ តែទាត់មិនចូលនៅនាទី៨៣ និងបាត់បង់ សមាជិក ១នាក់ផងដែរពីការពិន័យកាតក្រហម Bright (កាតលឿង ២ដង) នៅនាទី៨៦ ផងនោះ ដែលធ្វើឲ្យក្រុមមួយ នេះបន្តខកខានកៅអីវគ្គផ្តាច់ព្រ័ត្រដដែល ស្ថិតក្រោមកាដឹកនាំរបស់គ្រូបង្វឹក Phil Neville។

ស្រ្តីអាមេរិក ត្រូវរង់ចាំក្រុមឈ្នះរវាងក្រុមជម្រើសជាតិស្រ្តីស៊ុយអែត ទល់នឹងស្រ្តីហូឡង់នាយប់នេះ មុនវគ្គផ្តាច់ព្រ័ត្រនឹង ធ្វើឡើងនារាត្រីថ្ងៃអាទិត្យ ក្រោយពេលប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ៣ ដែលនឹងធ្វើឡើងនៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះតែម្តង៕

Loading...