សូមប្រយ័ត្ន! មិនចង់ប្រឈមមុខនឹងបញ្ហាសុខភាព កុំអង្គុយច្រើនពេក

July 11, 2019 27

សុខភាព ៖ ភាគច្រើននៃពួកយើង ប្រហែលជាធ្លាប់ដឹងហើយថា ការគេងច្រើនពេក គឺមិនល្អចំពោះសុខភាពឡើយ ដោយអាចបង្កើនហានិភ័យ នៃជំងឺគួរអោយព្រួយបារម្ភផ្សេងៗ។ ប៉ុន្តែចុះបើអង្គុយច្រើនវិញនោះ? តើផ្ដល់ផលវិជ្ជមាន ឬអវិជ្ជមានចំពោះសុខភាព? ចម្លើយនោះ គឺការចំណាយពេលអង្គុយ ច្រើនក្នុងមួយថ្ងៃៗអាច ធ្វើអោយអ្នកប្រឈមមុខនឹង ហានិភ័យនៃបញ្ហាសុខភាព គ្រោះថ្នាក់ដល់អាយុជីវិតបាន! ខាងក្រោមនេះជាមូលហេតុ ដែលអ្នកមិនគួរអង្គុយយូរ៖

ទី១. ជំងឺធាត់ជ្រុល៖ ពិតណាស់ការអង្គុយគ្រប់ពេល ឬពេញមួយថ្ងៃអាចធ្វើអោយ អ្នកកើនទម្ងន់ហួសប្រមាណ ដោយមិនដឹងខ្លួនបាន ។ នោះក៏ព្រោះតែការមិនធ្វើសកម្មភាព រាងកាយទប់ស្កាត់រាំងស្ទះ ដល់ការដុតបំផ្លាញកាឡូរី។ ហើយកាឡូរីដែលមិនត្រូវបាន ដុតបំផ្លាញទាំងនោះនឹងបំលែង ទៅជាខ្លាញ់ដោយរាង កាយនាំអោយធាត់។ អ្វីដែលគួរអោយបារម្ភថែមទៀតនោះ គឺភាពធាត់ជ្រុល ឬលើសទម្ងន់អាចបង្កើនហានិភ័យ នៃជំងឺទឹកនោមផ្អែមប្រភេទទី២ និងជំងឺបេះដូង។

ទី២. ឈឺសន្លាក់៖ ការមិនធ្វើសកម្មភាពសន្លាក់ សោះមិនជួយទប់ស្កាត់បញ្ហាឈឺ ហើមសន្លាក់ឡើយដូច ដែលអ្នកធ្លាប់បានគិតឡើយ! អ្នកជំនាញជាច្រើននិយាយថា តាមពិតទៅការអង្គុយពេញ មួយថ្ងៃនឹងបង្កបញ្ហាឈឺសន្លាក់ ហើម រលាក និងឡើងរឹងទៅវិញទេ ជាពិសេសប្រសិនបើអ្នក កំពុងជួបប្រទះបញ្ហានៃជំងឺ រលាកសន្លាក់ឆ្អឹងស្រាប់។ តើអ្នកធ្លាប់ដឹងទេថាវិធី ដ៏ងាយបំផុតមួយដើម្បី ទប់ស្កាត់ជំងឺរលាកសន្លាក់ឆ្អឹង គឺការធ្វើសកម្មភាពរាងកាយ?

ទី៣. ជំងឺពុកឆ្អឹង៖ ពិតណាស់កាល់ស្យូម គឺចាំបាច់ណាស់សម្រាប់ រក្សាបាននូវសុខភាពឆ្អឹងល្អប្រសើរ។ ប៉ុន្តែទោះជាអ្នកបានទទួលទាន របបអាហារមានផ្ទុកសម្បូរ ទៅដោយជាតិកាល់ស្យូម ជាប្រចាំក៏ដោយ ប្រសិនបើមិនធ្វើសកម្មភាពរាងកាយ ឬហាត់ប្រាណដោយគិតតែ ពីអង្គុយពេញមួយថ្ងៃនោះ អ្នកនៅតែប្រឈមមុខខ្ពស់ នូវហានិភ័យនៃជំងឺពុកឆ្អឹងដដែល! លំហាត់ប្រាណងាយៗ ដូចជាការដើរអាចបង្កើន សុខភាពឆ្អឹងទប់ស្កាត់បញ្ហាជាច្រើន ដូច្នេះចូរព្យាយាមចំណាយ ពេលដើរល្អជាងអង្គុយច្រើនមួយថ្ងៃៗ។

ទី៤. ជំងឺធ្លាក់ទឹកចិត្ត៖ ភាពសកម្មដូចជាការ ធ្វើលំហាត់ប្រាណជាប្រចាំ គឺជាអ្វីមួយដែលប្រសើរ បំផុតសម្រាប់សុខភាពផ្លូវចិត្ត ឬអារម្មណ៍របស់អ្នកដោយ វាជួយបង្កើនកម្រិតនៃ អ័រម៉ូនរីករាយក្នុងខួរក្បាល។ ដូច្នេះគ្មានអ្វីចំឡែកឡើយ ដែលការចំណាយពេលអង្គុយ ពេញមួយថ្ងៃធ្វើអោយអ្នកប្រឈមមុខ នឹងហានិភ័យនៃបញ្ហាជំងឺធ្លាក់ទឹកចិត្តនោះ។

ទី៥. ជំងឺលើសសម្ពាធឈាម៖ អ្នកប្រហែលជាស្មានមិនដល់ទេថា ការអង្គុយច្រើនពេញមួយថ្ងៃ អាចធ្វើអោយសម្ពាធឈាម ឡើងខ្ពស់បាន។ ដូច្នេះដើម្បីជាការប្រសើរ ចូរព្យាយាមចំណាយពេលធ្វើ លំហាត់ប្រាណខ្លះជាប្រចាំ ចៀសវាងគិតតែពីអង្គុយ ឬគេងច្រើនហួស។

ទី៦. ជំងឺបេះដូង៖ ជំងឺបេះដូងជាបញ្ហាសុខភាព គួរអោយព្រួយបារម្ភបំផុតមួយ ដោយវាអាចធ្វើអោយអ្នក បាត់បង់អាយុជីវិតបាន។ ការអង្គុយច្រើនពាក់ព័ន្ធ នឹងហានិភ័យនៃជំងឺបេះដូងយ៉ាងដូចម្ដេចទៅ? ដូចបានលើកឡើងខាង លើការចំណាយពេលច្រើន អង្គុយពេញមួយថ្ងៃអាចធ្វើ អោយសម្ពាធឈាមឡើងខ្ពស់ ហើយបញ្ហានេះហើយ ដែលជះឥទ្ធិពលដល់សុខភាពបេះដូង៕

ប្រភព៖ www.health.com.kh

Loading...