ដើរក៏ស្លាប់ដែរ! ម៉ូតូធំ១គ្រឿង ជិះទៅបុកបុរសជាកងទ័ពជើងទឹកម្នាក់ពេញមួយទំហឹង ស្លាប់គួរឲ្យអាសូរ

July 12, 2019 132

ភ្នំពេញ ៖ បុរសជាកងទ័ពជើងទឹកម្នាក់ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យ ខណៈពេលកំពុងដើរឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូធំ១គ្រឿង បើកទៅបុកពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ កាលពីវេលាម៉ោង១២៖១០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០១៩ នៅត្រង់ចំណុចជាប់របងកំពង់ផែភ្នំពេញ ផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវនារីក្លាហាន ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ  រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហែម នៅ ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាកងទ័ពជើងទឹក អគ្គបញ្ជាការដ្ឋាន ឋានន្តរស័ក្តិវរនាវីទោ សព្វថ្ងៃរស់នៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងឡើយគេឃើញបុរសជាជនរងគ្រោះខាងលើ ដើរឆ្លងផ្លូវតាមបណ្តោយផ្លូវលេខ៨៤ (វិថីនារីក្លាហាន) ទិសដៅពីលិចទៅកើត ខណៈកំពុងតែដើរឆ្លងផ្លូវ ក៏ស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាកភូសា ពណ៌ខ្មៅលាយស ពាក់ស្លាកលេខ ភ្នំពេញ 1CT-9933 បើកដោយបុរសម្នាក់យ៉ាងលឿន តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ទិសដៅពីត្បូងទៅជើង មកបុកពេញទំហឹង បណ្តាលឲ្យអ្នកដើរ និងអ្នកបុករងរបួសធ្ងន់ទាំងសងខាង។ ភ្លាមៗក៏មានរថយន្តសង្រ្គោះមកដឹកយកទៅមន្ទីរពេទ្យ តែកម្មអកុសល បានពាក់កណ្តាលផ្លូវ ជនរងគ្រោះបានដាច់ខ្យល់ស្លាប់ជាអ្នកដើរឆ្លងផ្លូវ ដែលជាកងទ័ពជើងទឹក ចំណែកឯអ្នករងរបួសធ្ងន់ គឺអ្នកជិះម៉ូតូ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋាន បានមកដល់ក៏ទាក់ទងជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងយកម៉ូតូទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលជើងគោកចរាចរណ៍រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ រួចប្រគល់ឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...