ស្រ្តីម្នាក់ ស្រវឹងស្រា បើករថយន្តទៅបុករបាំងថ្មពុះចែកផ្លូវយ៉ាងពេញទំហឹង រងការខូចខាតយ៉ាងដំណំ

July 12, 2019 42

ភ្នំពេញ ៖ ស្រ្តីម្នាក់ បើករថយន្តកាមរីបាឡែនមួយគ្រឿង ទំនងជាស្រវឹងស្រា ងោកមួយភាំង ក៏រេចង្កូតទៅបុករបាំងថ្មពុះចែកផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យខូចខាតអស់៣កង់ និងធ្វើឲ្យរថយន្តដាច់ការឡេរបើកទៅមុខលេងរួច កាលពីវេលាម៉ោង១២៖៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ២ (មុខក្រុមហ៊ុនលក់ម៉ូតូ Suzuki) ស្ថិតក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាក់លេខ ភ្នំពេញ 2AC-8636 បើកបរដោយស្រ្តីម្នាក់ ទាំងស្ថានភាពទំនងងុយគេង ព្រោះមើលទៅទំនងជាស្រវឹងស្រា ធ្វើដំណើរតាមផ្លូវជាតិលេខ២ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ចាប់ហ្វ្រាំងមិនទាន់ ក៏រេចង្កូតទៅបុករបាំងថ្មពុះចែកផ្លូវខូចខាត រួមទាំងខ្ទាតចេញពីផ្លូវអស់ចំនួន៣-៤កង់ ចំណែករថយន្តដាច់ការឡេកង់មុខខាងឆ្វេង បើកទៅមុខលែងរួច តែសំណាងល្អមិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ។ ភ្លាមៗនោះគេឃើញស្ត្រីម្នាក់ បើកទ្វារថយន្តចេញមក រួចដើរគេចចេញពីកន្លែងកើតហេតុបាត់ មុនសមត្ថកិច្ចចុះមកដល់។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ចាក់អង្រែលើ បានធ្វើការទាក់ទងទៅកាន់សមត្ថកិច្ចជំនាញ ឲ្យចុះមកវាស់វែង និងស្ទូចយករថយន្តបង្កទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងកាដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ៕

Loading...