ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ បន្ទាប់ពីរថយន្តឡិចស៊ីសបើកបុកម៉ូតូពេញទំហឹង អូសរាប់សិបម៉ែត្រ

July 12, 2019 60

ភ្នំពេញ ៖ ជីវិតមនុស្សនៅលើដងផ្លូវពិតជាប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់ ស្ទើតែក្លាយជាទម្លាប់របស់អ្នកលោកអ្នកបើកបររថយន្តគ្រប់ប្រភេទ ដែលបង្កគ្រោះថ្នាក់តាមដងវិថីនានាក្នុងពេលរាត្រី ហើយព្យាយាមបើករត់បាត់នេះ បើប៉ះលើគ្រួសារអ្នកវិញ អ្នកមានអារម្មណ៍ក្តុកក្តួលនិង តក់ស្លុតបែបណា ? ជាក់ស្ដែង បុរសម្នាក់ បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីមានរថយន្តឡិចស៊ីសមួយគ្រឿង (មិនចាំស្លាកលេខ) បើកបុកម៉ូតូឌ្រីមសង់ពីក្រោយ អូសម៉ូតូប្រមាណ១០០ម៉ែត្រ ហើយរថយន្តបើកគេចបាត់ស្រមោល បង្កឲ្យមានការភ្ញាក់យ៉ាងខ្លាំង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ កើតឡើងនៅវេលាម៉ោង១៖២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី១២ ខែកក្ដដា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវមុនីវង្ស កែងផ្លូវ១០៩ មុខមជ្ឈមណ្ឌលការិយាល័យពានិជ្ជកម្ម Intelligent Office Center (ជិតវត្តកោះ) ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សពរងគ្រោះមានឈ្មោះ ជិន ស៊ីណែត ភេទប្រុស អាយុប្រហែល ៣០ឆ្នាំ មុខរបរសន្តិសុខជាន់ខ្ពស់ ក្រុមហ៊ុនលីប្រា។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តឡិចស៊ីស ពណ៌ស មិនចាំស្លាកលេខ ធ្វើដំណើរពីត្បូងទៅជើង បោះពួយក្នុងល្បឿនយ៉ាងលឿនដូចហោះ ខណៈមកដល់ចំណុចកើតហេតុខាងលើ បានទៅបុកម៉ូតូឌ្រីមសង់ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FL-5191 ជិះដោយយុវជនពីរនាក់ កំពុងបើកស្របគ្នាពីក្រោយពេញទំហឹង បណ្ដាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗមួយរំពេច និងម្នាក់រងរបួសធ្ងន់ ហើយរថយន្តបង្កមិនព្រមឈប់ទទួលខុសត្រូវនោះទេ បានព្យាយាមបើករត់អូសម៉ូតូប្រមាណជាងមួយ១០០ម៉ែត្រ ទើបម៉ូតូរបូតចេញ ហើយរថយន្តបានបន្ថែមល្បឿនបើកគេចចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្ដង។ បុរសដែលរងរបួសធ្ងន់ ត្រូវបានរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន មកដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទង់សមត្ថកិច្ចចរាចរណ៍ក្រុង ចុះមកវាស់វែងយកម៉ូតូទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគបាលរាជធានីភ្នំពេញ ដើម្បីរងចាំធ្វើការស្រាវជ្រាវ រករថយន្តបង្កមកដោះស្រាយតាមផ្លវច្បាប់។ ចំណែកសពរងគ្រោះសមត្ថកិច្ចទាក់ទងរកក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...