ឡាវ ចែករំលែក​ពី​គម្រោង​ផ្កាយ​រណប ដល់​តំណាង​កម្ពុជា និង​៣ប្រទេស​ទៀត

July 07, 2018 197

តំណាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មកពី​ប្រទេស​ចំនួន​៣ រួមមាន​កម្ពុជា ​មីយ៉ាន់ម៉ា​ ថៃ និង​វៀតណាម ព្រម​ទាំង​ ឡាវ និង​ចិន​ បាន​អញ្ជើញ​ទៅ​ធ្វើ​ទស្សនកិច្ច​ គម្រោង ផ្កាយរណប​របស់​ប្រទេស​ឡាវ នៅ​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ កាលពី​ថ្ងៃ​ពុធ ទី​៤ ខែ​កក្កដា ឆ្នាំ ​២០១៨ កន្លង​ទៅ បន្ទាប់ពី​​កិច្ច​ប្រជុំ​កំពូល​ប្រព័ន្ធ​ផ្សព្វផ្សាយ​មេគង្គ-ឡាន​ឆាង ដែល​បាន​ប្រារព្ធ​នៅ​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ ចំនួន​២ថ្ងៃ​រួច​មក។ នេះ​ជា​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា។

ប្រភពដដែល​បានឲ្យ​ដឹង​កាលពី​ថ្ងៃទី​ ៦កក្កដា​ថា គម្រោង​ផ្កាយរណប​នេះ គឺ​ជា​កិច្ច​សហប្រតិបត្តិការ​ដ៏​ជោគជ័យ​មួយ​រវាង​ប្រទេស​ចិន និង​ប្រទេស​ឡាវ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ខ្ពស់ ដែល​ជា​ប្រតិបត្តិការ​នៃ​ការ​បណ្ដាក់​ទុន​រួមគ្នា​រវាង​ក្រុមហ៊ុន China Aerospace និង​ក្រុមហ៊ុន Lao Asia Pacific Satellite Co., Ltd (LAOSAT)។

តាម​រយៈ​គម្រោង​នេះ រដ្ឋាភិបាល​ឡាវ​បាន​ធ្វើ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​នៅ​ក្នុង​ប្រទេស​ឡាវ និង​ប្រទេស​ដទៃ​ទៀត​នៅ​តំបន់​អាស៊ាន ដែល​បាន​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​កិច្ច អភិវឌ្ឍន៍​សេដ្ឋកិច្ច​ឡាវ បង្កើន​ជីវភាព​រស់នៅ​របស់​ប្រជាជន និង​កិច្ច​អភិវឌ្ឍន៍​ឧស្សាហកម្ម នៅ​ក្នុង​តំបន់​មេគង្គ-ឡានឆាង​។

លោក Keolavanh Oudtavong អនុ​ប្រធាន​នាយកដ្ឋាន​បច្ចេកទេស​នៃ​ក្រុមហ៊ុន LAOSAT បាន​លើកឡើង​ថា គម្រោង​ផ្កាយរណប​នេះ​ផ្តល់​សេវាកម្ម​ធំៗ​ចំនួន ២ គឺ​សេវា​គមនាគមន៍ ដែល​បាន​ផ្តល់​សេវា​គមនាគមន៍​ដល់​ទីភ្នាក់ងារ​រដ្ឋាភិបាល​ឡាវ ដូចជា​ទីភ្នាក់ងារ​គ្រប់គ្រង អាកាសចរណ៍​ឡាវ ក្រសួង​សន្តិសុខ​សាធារណៈ គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​ឡាវ-ចិន ប្រតិបត្តិករ​គមនាគមន៍ និង​សេវា​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍​ដែល​ផ្តល់នូវ​សេវា​ទូរទស្សន៍​ចំនួន ១៣០​ប៉ុស្តិ៍ និង​មាន​ចំនួន​ ៩ភាសា ដែល​ទទួល​បាន​សិទ្ធិ​ពី​ប្រទេស​ឡាវ ចិន ថៃ កម្ពុជា មីយ៉ាន់ម៉ា វៀតណាម និង​អង់គ្លេស។

លោក​បាន​បន្ថែម​ថា បច្ចុប្បន្ន​នេះ សេវា​ផ្សព្វផ្សាយ​ទូរទស្សន៍​បាន​គ្រប់​ដណ្ដប់​ទៅ​លើ​ប្រជាសាស្រ្ត​ចំនួន ៦២៧​ លាន​នាក់​នៅ​ជុំវិញ​តំបន់​មេគង្គ-ឡានឆាង៕

Loading...