ចាប់បក្ខពួកជួញដូរថ្នាំញៀនឆ្លងដែន១២០គីឡូក្រាមនៅខេត្តស្ទឹងត្រែង បាន៣នាក់បន្ថែមទៀត

July 09, 2018 32


ភ្នំពេញ ៖ នគរបាលនៃអគ្គស្នងការនគរបាលជាតិបានស្រាវជ្រាវចាប់ខ្លួនបក្ខពួកមុខសញ្ញាពាក់ព័ន្ធនិងមេក្លោងនៅពីក្រោយខ្នង ពីការដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន១២០គីឡូក្រាម ដែលបានបង្ក្រាបនិងចាប់ខ្លួនកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ នៅច្រកទ្វារអន្តរជាតិ ត្រពាំងគ្រៀល ខេត្តស្ទឹងត្រែង បាន៣នាក់បន្ថែនទៀត ។ 

ការចាប់ខ្លួនបក្ខពួកជួញដូរថ្នាំញៀនទាំង៣នាក់ ធ្វើឡើងកាលពីនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១៤និង០៥នាទី ដោយកម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រតិបត្តិការឈានទៅចាប់ខ្លួនបានមុខសញ្ញា ពាក់ព័ន្ធនឹងករណីខាងលើ៣នាក់បន្ថែមទៀត ។

ប្រតិបត្តិការនេះក្រោមបញ្ជាដឹកនាំដោយផ្ទាល់ពីលោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងលោក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន និងមានការដឹកនាំសម្របសម្រួល ពីលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាខេត្តស្ទឹងត្រែង និងលោក សៀង សុខ ព្រះរាជអាជ្ញារង រាជធានីភ្នំពេញ ។

គោលដៅនៃកិច្ចសហប្រតិបត្តិការតាមចាប់ខ្លួនបានមុខសញ្ញាពាក់ព័ន្ធនឹងករណីខាងលើនេះមាន៣គោលដៅ ទី១-ចំណុចជិតរង្វង់មូលកាំកូស៊ីធី ទី២-ឆែកឆេរលំនៅដ្ឋានលេខ១០ ក្នុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងទី៣-ឆែកឆេរលំនៅដ្ឋានលេខ១០៥ ផ្លូវលេខ៦ ក្នុងបុរី ពិភពថ្មី សង្កាត់កន្ទោត ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង៣នាក់ដែលត្រូវចាប់ខ្លួន ៖ ទី១-ឈ្មោះ សៀន ខួច ភេទប្រុស ជនជាតិខ្មែរ កើតឆ្នាំ ១៩៨៦, ទី២-ឈ្មោះ យិន ម៉ាប់ ភេទប្រុស ជនជាតិខ្មែរ កើតឆ្នាំ១៩៩៤ និងទី៣-ឈ្មោះ សុខ សុឡា ភេទប្រុស ជនជាតិខ្មែរ កើតឆ្នាំ១៩៩១ ។ ក្នុងនោះកម្លាំងរឹបអូសយកវត្ថុតាង គ្រឿងញៀន សរុប២៦គីឡូក្រាម ២៦,៨៦២គីឡូក្រាម ក្នុងនោះ ថ្នាំញៀនប្រភេទ មេតំហ្វេតាមីន (ICE ) ទម្ងន់៤គីឡូក្រាម ០០៣.៨៥ក្រាម ,  ថ្នាំញៀនប្រភេទកេតាមីន(Ketamine ) ២២,៨៥៧.៨២ក្រាម  ៕

Loading...