អេស្ប៉ាញ ជម្លៀសមនុស្ស ៨០០នាក់ទៀត ចេញពីតំបន់ភ្នំភ្លើង Cumbre Vieja ដែលបានបន្តការផ្ទុះជិត ១ខែមកហើយ

October 13, 2021 33

ម៉ាឌ្រីដ ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅព្រឹកថ្ងៃពុធ ទី១៣ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា មនុស្សចន្លោះពី ៧០០នាក់ ទៅ ៨០០នាក់បន្ថែមទៀត ត្រូវបានគេជម្លៀសចេញពីតំបន់ភ្នំភ្លើង ឃ្យូមប្រេ វីអេហា (Cumbre Vieja) ដែលស្ថិតនៅភាគនិរតីលើកោះ ឡា ប៉ាល់ម៉ា (La Palma) របស់ប្រទេសអេស្ប៉ាញ បន្ទាប់ពីភ្នំភ្លើងនេះនៅតែបន្តផ្ទុះជះកម្អែល អស់រយៈពេល ២៤ថ្ងៃមកហើយ។

មនុស្សប្រមាណ ៦,០០០នាក់ត្រូវបានគេជម្លៀសចេញកាលពីប៉ុន្មានថ្ងៃដំបូង បន្ទាប់ពីភ្នំភ្លើង Cumbre Vieja បានចាប់ផ្ដើមផ្ទុះ ហើយរហូតមកទល់ពេលនេះ វាមានរយៈពេល ២៤ថ្ងៃមកហើយ ទើបអាជ្ញាធរបង្ខំចិត្តជម្លៀសមនុស្សចេញបន្ថែមទៀត។

កម្អែលភ្នំភ្លើងនេះ បានចាប់ផ្តើមហូរចុះមកសង្គ្រប់លើផ្ទៃដីប្រមាណ ៥៩៥ហិកតាហើយនៅលើកោះ La Palma ដែលជាកោះក្មេងជាងគេក្នុងតំបន់ប្រជុំកោះ កាណារី (Canary Island) ស្ថិតនៅដែនសមុទ្រអាត្លង់ទិច ភាគខាងលិចទ្វីបអាហ្វ្រិក បន្ទាប់ពីផ្នែកខាងជើងនៃមាត់ភ្នំភ្លើងនេះបានបាក់ស្រុត កាលពីចុងសប្តាហ៍មុន។ ទន្ទឹមនឹងនេះ អគារប្រមាណ ១,២៨១ខ្នង ក៏ត្រូវបានបំផ្លិចបំផ្លាញ ដោយសារកម្អែលភ្នំភ្លើងនេះផងដែរ ហើយវាបាននាំឱ្យមានការបង្កើតផ្ទៃដីថ្មីប្រមាណ ៦០ហិកតាទៀតផង។

គួរបញ្ជាក់ថា បើតាមការវាស់កម្រិតឧស្ម័ន ស្ពាន់ធ័រឌីអុកស៊ីត និងការបន្តសកម្មភាពរញ្ជួយដីក្នុងកម្រិតស្រាលជាប្រចាំំ បានឲ្យក្រុមអ្នកជំនាញសន្និដ្ឋានថា ការផ្ទុះភ្នំភ្លើងនេះនឹងអូសបន្លាយ ក្នុងរយៈពេលយូរទៅមុខទៀត។ រូបភាព និងការ Live វីដេអូជាប្រចាំនៅតែបង្ហាញថា ភ្នំភ្លើង Cumbre Vieja កំពុងបញ្ចេញសកម្មភាពយ៉ាងកញ្ជ្រផល ដោយកម្អែលភ្លើងនៅតែជះឡើង និងហូរចុះតាមមាត់របស់វា មើលទៅគួរឲ្យតក់ស្លុតបំផុត៕

Loading...