សហភាពអឺរ៉ុប សន្យាផ្ដល់ជំនួយមនុស្សធម៌ ១.២ពាន់លានដុល្លារ ដល់ប្រទេសអាហ្វហ្កានីស្ថាន

October 13, 2021 35

ដូហា ៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៣ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមតាលីបង់ បានចូលរួមក្នុងជំនួបទល់មុខជាលើកដំបូង ជាមួយក្រុមប្រតិភូមកពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប នៅថ្ងៃអង្គារសប្ដាហ៍នេះ នៅក្នុងប្រទេសកាតា ខណៈសហភាពអឺរ៉ុប សន្យាផ្ដល់ជំនួយ ១.២ពាន់លានដុល្លារ ដល់់ប្រទេសអាហ្វហ្កានីស្ថាន។

នៅឯជំនួបក្នុងទីក្រុងដូហា ប្រទេសកាតា និងសន្និសីទមួយ នៃក្រុមប្រទេស G20, ក្រុមមេដឹកនាំពិភពលោក បានបញ្ជូនសារដូចគ្នាដល់តាលីបង់ នោះគឺពិភពលោកប្ដេជ្ញាចិត្តផ្ដល់ជំនួយមនុស្សធម៌ដល់ប្រជាជនអាហ្វហ្កានីស្ថាន ហើយធានាឱ្យបានថា ប្រទេសមួយនេះ នឹងមិនក្លាយជាឋានសួគ៌របស់ក្រុមភេរវករជាដាច់ខាត។ ក្រុមតាលីបង់ កំពុងស្វះស្វែងរកការទទួលស្គាល់ពីអន្តរជាតិ រួមទាំងជំនួយដើម្បីបញ្ចៀសវិបត្តិមនុស្សធម៌ បន្ទាប់ពីពួកគេឡើងកាន់អំណាចសាជាថ្មី កាលពីខែសីហាកន្លងទៅ ក្រោយអាមេរិក និង NATO ដកកងទ័ពចេញ។

គួរបញ្ជាក់ថា បើតាមប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ជំនួយរបស់សហភាពអឺរ៉ុប មានគោលដៅបញ្ចៀសវិបត្តិមនុស្សធម៌ និងការដួលរលំសេដ្ឋកិច្ចរបស់អាហ្វហ្កានីស្ថាន។ លោកស្រីបន្ថែមថា ជំនួយនឹងត្រូវផ្ដល់ដោយផ្ទាល់ជូនប្រជាជនអាហ្វហ្កានីស្ថាន តាមរយៈអង្គការអន្តរជាតិនានា ពោល មិនមែនតាមរយៈរដ្ឋាភិបាលតាលីបង់ ដែលសហភាពអឺរ៉ុបមិនបានទទួលស្គាល់នោះទេ៕

Loading...