អង្គការសហប្រជាជាតិ ព្រមានពី «គ្រោះអត់ឃ្លាន» ដែលអាចកើតមាននៅប្រទេសកូរ៉េខាងជើង

October 13, 2021 45

សេអ៊ូល ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នារសៀលថ្ងៃពុធ ទី១៣ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា របាយការណ៍ពីក្រុមអង្កេតការណ៍សិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ (UN) បានចេញសារព្រមានមួយចំពោះ «គ្រោះអត់ឃ្លាន» ដែលអាចកើតមានឡើង នៅក្នុងប្រទេសកូរ៉េខាងជើង ក៏ព្រោះតែហានិភ័យដែលបង្កឡើងដោយវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ និងគ្រោះធម្មជាតិ កំពុងកើនឡើងជាលំដាប់។

កូរ៉េខាងជើងបានស្ថិតនៅក្នុងការបិទខ្ទប់ ដើម្បីទប់ទល់ការរាតត្បាតជំងឺ COVID-19 ចូលទៅក្នុងប្រទេសនេះ ខណៈពាណិជ្ជកម្មក្រៅប្រទេស បានរងផលប៉ះពាល់នៃការធ្លាក់ចុះ សូម្បីតែជាមួយប្រទេសចិន។ កាលពីខែមិថុនាកន្លងទៅនេះ ទូរទស្សន៍រដ្ឋកូរ៉េខាងជើង KCTV បានចេញផ្សាយដោយទទួលស្គាល់ ចំពោះការប្រឈមមុខនឹង «វិបត្តិស្បៀងអាហារ» ជាការជំរុញឲ្យវិស័យកសិកម្មបង្កើនសន្ទុះក្នុងការផលិត ដើម្បីបំពេញតម្រូវការក្នុងស្រុក។

នៅក្នុងខែមិថុនាដដែលនោះ ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក៏បានចេញមុខទទួលស្គាល់ ចំពោះវិបត្តិស្បៀងអាហារដែលប្រទេសរបស់លោក បាននិងកំពុងប្រឈមមុខនោះផងដែរ ដោយលោកបានចាត់ទុកបញ្ហានេះថា «កំពុងវិវឌ្ឍទៅរកភាពតានតឹង»។

ជុំវិញបញ្ហាខាងលើនេះ ក្រុមអ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN បានគូសបញ្ជាក់ នៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនថា «ប្រជាជនកូរ៉េខាងជើងទូទៅ កំពុងតស៊ូជារៀងរាល់ថ្ងៃ... ដើម្បីរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ... ហើយស្ថានភាពមនុស្សធម៌កាន់តែយ៉ាប់យ៉ឺនទៅៗ អាចប្រែក្លាយទៅជាវិបត្តិ...»។

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើងបានទទួលរងទណ្ឌកម្ម យ៉ាងធ្ងន់ធ្ងរពីសំណាក់សហគមន៍អន្តរជាតិ ទៅលើកម្មវិធីនុយក្លេអ៊ែរ។ ប្រការនេះ បូករួមទាំងគ្រោះធម្មជាតិបន្ថែមទៀតនោះ ទើបធ្វើឲ្យសេដ្ឋកិច្ចកូរ៉េខាងជើង ជួបវិបត្តិកាន់តែធ្ងន់ធ្ងរ ហើយផលិតកម្មស្បៀងអាហារ ក៏ប្រឈមមុខបញ្ហាព្រមពេលជាមួយគ្នានោះផងដែរ។

ដោយមើលឃើញស្ថានការណ៍ចំពោះមុខ ដែលអាចនឹងវិវឌ្ឍទៅរក «គ្រោះអត់ឃ្លាន» អ្នករៀបចំរបាយការណ៍ UN ខាងលើនេះ បានអំពាវនាវឲ្យអន្តរជាតិ បន្ធូរបន្ថយ ឬដកទណ្ឌកម្មចេញពីកូរ៉េខាងជើងខ្លះ តាមដែលអាចធ្វើទៅតាម ដើម្បីកុំឲ្យអ្វីៗប្រែជាហួសពេល ជាពិសេសគឺចំពោះកុមារ និងមនុស្សចាស់នៅកូរ៉េខាងជើង ដែលងាយនឹងរងគ្រោះបំផុត នៅពេលដែលគ្រោះអត់ឃ្លានកើតឡើង៕

Loading...