រថយន្តកុងតឺន័រ បើកកៀររថយន្តស៊េរីទំនើបពេលឡើងស្ពានមុន្នីវង្ស រងការខូចខាត ហើយមិនឈប់ទទួលខុសត្រូវ

October 14, 2021 40

ភ្នំពេញ ៖ ស្ត្រីម្នាក់ បើករថយន្តស៊េរីទំនើបមួយគ្រឿង បំណងឆ្លងស្ពានព្រះមុន្នីវង្សថ្មី ស្រាប់តែត្រូវរថយន្តកុងតឺន័រ បើកកៀរពីចំហៀងបណ្ដាលឲ្យបាក់កញ្ចក់ និងបែកកង់ម្ខាង រងការខូចខាត កាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុចគល់ស្ពានព្រះមុន្នីវង្សចាស់ តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុនោះ គឺរថយន្តស៊េរីទំនើបម៉ាកហុីយ៉ាន់ដាយ Tucson ពណ៌ស  ពាក់ស្លាកលេខ ភ្នំពេញ 2AZ-1587 បើកបរដោយស្ត្រីម្នាក់ និងមានក្មេងចាស់ជាលក្ខណៈគ្រួសារ៤ទៅ៥នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីកើតមកលិច ហើយបំណងឆ្លងស្ពានព្រះមុន្នីវង្សចាស់ ក៏ស្រាប់តែមានរថយន្តសណ្ដោងទូរកុងតឺន័រ ក្បាលរថយន្ត ពាក់ស្លាកលេខ ភ្នំពេញ 3F-1794 ធ្វើដំណើរមកស្របទិសគ្នា ហើយវ៉ាជែងខាងស្ដាំដៃរថយន្តរងគ្រោះ ហើយកន្ទុយក្រោយបានកៀររថយន្តនោះរងការខូចខាត ដោយបាក់កញ្ចក់ និងបែកកង់មុខផ្នែកខាងឆ្វេង រងការខូចខាត។ ភ្លាមៗនោះដែរ រថយន្តកុងតឺន័រមិនបានឈប់ទទួលខុសត្រូវនៅកន្លែងកើតហេតុទេ ថែមទាំងបើករថយន្តព្យាយាមរត់មកដល់មុខភោជនីយ៍ដ្ឋានទន្លេបាសាក់២ ក៏ត្រូវរថយន្តរងគ្រោះបើកមកកាក់ពីមុខទើបឈប់។

ក្រោយកើតហេតុ ភាគីរថយន្តទាំងពីរបានជជែកយកតែត្រូវរៀងៗខ្លួន ធ្វើឲ្យមានការកក់ស្ទះចរាចរណ៍ដល់អ្នកដំណើរ ទើបសមត្ថកិច្ចមូលដ្ឋានខណ្ឌចំការមន បានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានជំនាញចរាចរណ៍ខណ្ឌច្បារអំពៅ ដែលជាម្ចាស់គោលដៅកើតហេតុឲ្យមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងនេះទៅរក្សាទុក ដើម្បីដោះស្រាយគ្នាតាមនីតិវិធី៕

Loading...