ប្រទះឃើញក្មេងស្រីអាយុ ៧ឆ្នាំម្នាក់ ដេកស្លាប់ក្នុងគម្ពោតព្រៃ សមត្ថកិច្ចសន្និដ្ឋានថា ជាអំពើឃាតកម្ម

May 07, 2020 181

ពោធិសាត់ ៖ ក្មេងស្រីអាយុ ៧ឆ្នាំម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ យ៉ាងអាណោចអធ័ម នៅក្នុងគម្ពោតព្រៃមួយកន្លែង នៅខាងលិចព្រែក ចម្ងាយប្រហែល១០០ម៉ែត្រ ស្ថិតក្នុងភូមិព្រែក ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិសាត់ កាលពីវេលាម៉ោងជាង១២ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ បង្កឱ្យមានការភ្ញាក់ផ្អើល។

បើតាមរបាយការណ៍របស់អធិការដ្ឋាន នគរបាលស្រុកកណ្តៀង បានឱ្យដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ​ (វ.ស.ព) អាយុ៧ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងភូមិព្រែក ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិសាត់។

លោកវរសេនីយ៍ទោ អ៊ុន ស៊ី អធិការនគរបាលស្រុកកណ្តៀង បានឱ្យដឹងនៅព្រឹកថ្ងៃទី៧ ខែឧសភានេះ​ថា​ ក្មេងស្រីរងគ្រោះ ត្រូវបានឃាតកវាយនិងដៃហើយធាក់ និងជើង​ បណ្តាលឱ្យស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុហើយឃាតក ក៍បានគេចខ្លួនបាត់។

លោកវរសេនីយ៍ទោ អ៊ុន ស៊ី បន្តឱ្យដឹងទៀតថា ក្រោយសមត្ថកិច្ចជំនាញ និងក្រុមគ្រូពេទ្យចុះធ្វើកោសល្យវិច័យ ទៅលើក្មេងស្រីរងគ្រោះ​ បញ្ជាក់ថា ក្មេងស្រីរងគ្រោះស្លាប់ដោយសារឃាតក វាយសម្លាប់និងដៃ ហើយធាក់និងជើង ហើយករណីនេះមិនមែនជាករណីរំលោភនោះទេ ទំនងជាករណីគំនុំ។ រហូតមកទល់ពេលនេះ ក្មេងស្រីរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឃាតករសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត៕

Loading...