លោក ដូណាល់ ត្រាំ បញ្ជាឲ្យបង្ហូតទង់ជាតិសហរដ្ឋអាមេរិក មកនៅត្រឹមពាក់កណ្តាល ដើម្បីរំលឹកដល់ជនរងគ្រោះ COVID-19

May 22, 2020 69

វ៉ាស៊ីនតោន ៖ បើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃព្រឹកសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ​នឹងចេញបញ្ជាឲ្យបង្ហូតទង់ជាតិសហរដ្ឋអាមេរិក នៅគ្រប់ទីកន្លែងទាំងអស់ មកនៅត្រឹមពាក់កណ្តាល ដើម្បីរំលឹកដល់ជនរងគ្រោះទាំងអស់ ដែលបានបាត់បង់ជីវិតដោយសារ COVID-19។

សេចក្តីប្រកាសដោយលោក ដូណាល់់ ត្រាំ ខាងលើនេះបានកើតមានឡើង ចំពេលដែលសហរដ្ឋអាមេរិក កំពុងធ្វើដំណើរឆ្ពោះទៅរកតួលេខមនុស្សស្លាប់ ១០០,០០០នាក់ ដោយសារតែជំងឺរាតត្បាលសកល COVID-19 ដូចការព្យាករណ៍របស់ក្រុមអ្នកជំនាញកាលពីអំឡុងខែមីនា ឆ្នាំ២០២០។

នៅក្នុងសារបង្ហោះលើបណ្តាញសង្គម Twitter លោក ត្រាំ បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំនឹងបញ្ជាឲ្យបង្ហូតទង់ជាតិនៅតាមអគាររដ្ឋាភិបាល និងវិមានជាតិនានា មកនៅត្រឹមពាក់កណ្តាលដង សម្រាប់រយៈពេលបីថ្ងៃខាងមុខ ដើម្បីជាការរំលឹកដល់ជនជាតិអាមេរិក ដែលបានបាត់បង់ជីវិត ដោយសារវីរុសកូរ៉ូណា»។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃសុក្រនេះ សហរដ្ឋអាមេរិកមានករណីឆ្លង COVID-19 សរុប ១,៦២០,៩០២ករណី ក្នុងនោះស្លាប់ ៩៦,៣៥៤នាក់ និងជាសះស្បើយវិញ ៣៨២,១៦៩នាក់៕

Loading...