បុរសម្នាក់ ជិះម៉ូតូដួលរងរបួសធ្ងន់ ហើយព្យាយាមប្រឹងងើប ស្រាប់តែមានរថយន្តមកបុកស្លាប់នៅនឹងកន្លែង

May 23, 2020 276

កណ្តាល ៖ បុរសកម្មករម្នាក់ ជិះម៉ូតូលឿនពេក បណ្តាលឲ្យដួលផ្ទប់ទៅនឹងថ្នល់រងរបួសធ្ងន់ ហើយព្យាយាមប្រឹងងើប ស្រាប់តែមានរថយន្តមួយគ្រឿង មកបុកពេញមួយទំហឹង បណ្ដាលឲ្យស្លាប់នៅនឹងកន្លែង កាលពីវេលាម៉ោង៧និង៥៣នាទីយប់ ថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២០ នៅលើផ្លូវជាតិលេខ១ ក្នុងគីឡូម៉ែត្រលេខ៤២-៤៣ ចំណុចភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបម៉ូតូមួយគ្រឿង ម៉ាកសង់ឌ្រីម ពណ៌ខ្មៅ  ពាក់ស្លាកលេខ ភ្នំពេញ 1GA-9179 បើកបរដោយឈ្មោះ ហាន ម៉ាប់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រជីផ្កាយប្រាំ មានទីលំនៅភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បើកបរក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ជនរងគ្រោះក៏ដួលម៉ូតូខ្លួនឯង ផ្ទប់ទៅនឹងថ្នល់រងរបួសធ្ងន់ ភ្លាមនោះ ជនរងគ្រោះបានព្យាយាមប្រឹងងើប តែជាអកុសលស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាក LEXUS 470 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2K-7768 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ដែលបើកទិសដៅពីអ្នកលឿងទៅភ្នំពេញ បានបុកម៉ូតូពេញមួយទំហឹង បណ្តាយឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។

ប្រភពពីសមត្ថកិច្ច បានឱ្តដឹងថា ពេលទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍សហការណ៍ជាមួយកម្លាំងជំនាញបានដេញតាមឃាត់រថយន្តបង្កបាននៅចំណុចភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ចំណែកអ្នកបើបានរត់គេចខ្លួនមុនសមត្ថកិច្ចទៅដល់។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញក៏បានធ្វើការវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយរង់ចាំម្ចាស់មកចូលខ្លួនដោះស្រាយគ្នានៅពេលក្រោយ ដោយសាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕​ ដោយ៖ ផេង ភាព

Loading...