ជិះម៉ូតូឌុបគ្នាមកលួចកាច់កញ្ចក់រថយន្ត ត្រូវប្រជាពលរដ្ឋឃើញទាន់ដេញចាប់បានម្នាក់ រត់រួចម្នាក់ នៅខណ្ឌដូនពេញ

May 26, 2020 123

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ ត្រូវប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ច ក្រោយពីជនសង្ស័យទាំង២នាក់នេះ ជិះម៉ូតូ១គ្រឿងឌុបគ្នាមកធ្វើសកម្មភាពកាច់កញ្ចក់រថយន្តម្ចាស់ហាង ដែលចតនៅមុខហាង (54ល្ងាចស្រស់) បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩៖១០នាទីយប់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៧៨ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ  រាជធានីភ្នំពេញ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ នេត សាគុន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ និងទីស្នាក់នៅមិនពិតប្រាកដ និងធ្លាប់ជាប់ពន្ធនាគារទើបតែចេញ។

បើតាមសម្ដីបុរសម្នាក់ សុំមិនបញ្ចេញឈ្មោះដែលឃើញហេតុការណ៍នេះ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់កំពុងអង្គុយមុខហាងកើតហេតុខាងលើ ស្រាប់តែឮសំឡេងអ្វីម្យ៉ាង រូបគាត់រកមើលក៏ឃើញជនសង្ស័យកំពុងធ្វើសកម្មភាពកាច់កញ្ចក់រថយន្តម៉ាកTUNDRA ពណ៌ក្រហម  ពាក់ស្លាកលេខ ភ្នំពេញ 2AZ-0454 ជារបស់ម្ចាស់ហាងដែលចតនៅទល់មុខហាងជាប់របងសាលាសុីសុវត្ថិ។ 

ពេលឃើញដូច្នេះគាត់ក៏បានដេញចាប់ជនសង្ស័យរហូតដល់ផ្លូវលេខ១៧២ កែងនិងផ្លូវព្រះនរោត្ដម ទើបចាប់ជនសង្ស័យបានម្នាក់  ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់។ បន្ទាប់មកគាត់ក៏បានទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកយកជនសង្ស័យ។

បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មី៣ ធ្វើការសួរនាំ និងកសាងសំណុំរឿងបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ចាត់ការបន្តតាមនិតិវិធីច្បាប់៕

Loading...