WHO៖ ប្រទេសដែលឆ្លងផុតរលកទី១ នៃ COVID-19 នឹងអាចផ្ទុះរលកទី២ទៀត ប្រសិនបើដកវិធានការរឹតត្បិតលឿនពេក

May 26, 2020 101

ហ្សឺណែវ ៖ បើតាមអង្គការសុខភាពពិភពលោក (WHO) ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា បណ្ដាប្រទេសដែលកំពុងមើលឃើញពីការធ្លាក់ចុះនៃករណីឆ្លង COVID-19 នៅតែអាចប្រឈមមុខនឹង «ការឆ្លងរាតត្បាតដល់ចំណុចកំពូលលើកទី ២ ភ្លាមៗ» បើសិនជាពួកគេលុបចោល ឬបន្ធូរបន្ថយវិធានការរឹតត្បិតលឿនរហ័សពេក។

តាមរយៈសន្និសីទសារព័ត៌មានដ៏ខ្លីមួយ តាមប្រព័ន្ធអនឡាញ នៅថ្ងៃចន្ទសប្ដាហ៍នេះ លោក ម៉ៃខឺល រីយ៉ាន (Michael Ryan) ជានាយកផ្នែកសង្គ្រោះបន្ទាន់នៃអង្គការ WHO បានគូសបញ្ជាក់ដូច្នេះថា «នៅពេលដែលយើងនិយាយពីរលកទី ២ នៃជំងឺ COVID-19 វាមានន័យថារលកទី ១ នៃជំងឺឆ្លងរាតត្បាតផ្ទុះឡើងដោយខ្លួនឯង ហើយប៉ុន្មានខែក្រោយមកវាអាចផ្ទុះឡើងជាថ្មីទៀត... ប៉ុន្តែអ្វីដែលយើងត្រូវទទួលស្គាល់នោះគឺជំងឺ COVID-19 អាចនឹងរាតត្បាតឡើងវិញសាជាថ្មីនៅរលកទី ២ ឬការឆ្លងរាតត្បាតដល់ចំណុចកំពូលលើកទី ២ ភ្លាមៗ។ ដូច្នេះយើងចាំបាច់ត្រូវតែបន្ត ពង្រឹងសុខាភិបាលសាធារណៈ និងវិធានការសង្គម, តាមដាន, ធ្វើតេស្ដ និងយុទ្ធសាស្ត្រទប់ស្កាត់នានា ដើម្បីធានាឱ្យបានថា ករណីឆ្លងស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុង»។

គួរជម្រាបថា បើតាមលោក Mike Ryan ពិភពលោកបច្ចុប្បន្ន កំពុងបន្តស្ថិតនៅចំកណ្ដាលនៃរលកទី ១ ស្របពេលតំបន់អាមេរិកឡាទីន ត្រូវបានគេមើលឃើញថា បានក្លាយជាចំណុចកណ្ដាលថ្មី នៃការឆ្លងរាតត្បាតជំងឺ COVID-19 ដ៏កាចសាហាវនេះ ខណៈប្រទេសប្រេស៊ីល កំពុងឈរនៅលេខ ២ បន្ទាប់ពីសហរដ្ឋអាមេរិក  ជាប្រទេសដែលមានករណីឆ្លងច្រើនជាងគេលើលោក៕

Loading...