លោកបណ្ឌិត ​សុខ ទូច ប្រតិកម្មយ៉ាងខ្លាំង ចំពោះវៀតណាម ដែលរំលោភលើព្រំដែនកម្ពុជា

May 29, 2020 111

ភ្នំពេញ ៖ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិតសភាចារ្យ សុខ ទូច បានសម្ដែងនូវការប្រតិកម្មយ៉ាងខ្លាំង ចំពោះភាគីវៀតណាម ដែលបានរំលោភលើព្រំដែន ក៏ដូចជាទឹកដីកម្ពុជា។

ការលើកឡើងរបស់លោក សុខ ទូច បែបនេះ បន្ទាប់ពីកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ នគរបាលខេត្តកណ្ដាល បានចុះពិនិត្យ តាមបណ្ដោយព្រំដែន ស្ថិតនៅស្រុកកោះធំ ហើយបានរកឃើញតង់ចំនួន៩កន្លែង ត្រូវបានទាហានវៀតណាម សាងសង់នៅតំបន់ ដែលភាគីកម្ពុជា និងវៀតណាម មិនទាន់ឯកភាពគ្នា។

ក្នុងកិច្ចពិភាក្សាតុមូល ស្ដីពីការប្រឈមមុខដាក់គ្នា ខាងភូមិសាស្រ្តនយោបាយ រវាងចិននិងសហរដ្ឋអាមេរិក នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ លោក សុខ ទូច បានថ្លែងថា ”នៅឆ្នាំ១៩៧៩ យើងដឹងហើយ ចិនចាប់ដៃជាមួយអាមេរិក វាយវៀតណាម វាយកម្ពុជា ដល់ឥឡូវវៀតណាម ចាប់ដៃជាមួយអាមេរិក ក្បត់អាស៊ាន ក្បត់កម្ពុជា ហើយវៀតណាម និយាយថា កម្ពុជាក្បត់វៀតណាម មកពង្រាយកងទ័ព បង្កើតតង់នៅតាមព្រំដែន ប្រទេសយើងបាននិយាយគ្នាថា មុននឹងធ្វើអីប្រាប់គ្នា មិនមែនមកលួចលាក់ធ្វើអីចឹងទេ”។ លោកសង្កត់ធ្ងន់ថា មិនមែនភាគីវៀតណាមធ្វើអ្វីមួយមកលើកម្ពុជា កម្ពុជាមិនដឹងនោះទេ។

ប្រធានរាជបណ្ឌិត្យសភា បានបញ្ជាក់ថា កម្ពុជាមិនចង់បង្កើតសត្រូវ ជាមួយប្រទេសជាប់តំបន់ណាមួយឡើយ តែកម្ពុជាចង់កសាងព្រំដែនទៅជាព្រំដែនមិត្តភាព និងព្រំដែនកិច្ចសហប្រតិបត្តិការ ព្រមទាំងជាព្រំដែនសម្រាប់ធ្វើពាណិជ្ជកម្មផងដែរ៕

Loading...