Update៖ មន្ទីរសម្រាកព្យាបាល និងសម្ភពយីហោ «អុីលីត» លួចដឹកសពស្ត្រីម្នាក់ ចេញដោយស្ងាត់ៗផ្ទុយពីច្បាប់ ក្រោយធ្វេសប្រហែសក្នុងការវះកាត់សម្រាលកូន

May 29, 2020 655

ភ្នំពេញ ៖ អនុប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញមួយរូប សុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា ករណីស្ត្រីម្នាក់ បានចូលសម្រាលកូននៅក្នុងមន្ទីរសម្រាកព្យាបាល និងសម្ភព «អុីលីត» បានពីរថ្ងៃក៏ស្លាប់នោះ កាលពីរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ ត្រូវបានខាងមន្ទីរសុខាភិបាលរាជធានីភ្នំពេញចុះទៅត្រួតពិនិត្យ ប៉ុន្តែមិនដឹងថាយ៉ាងម៉េចនោះទេ ស្រាប់តែខាងសម្ភព អុីលឹត និងក្រុមគ្រួសារជនរងគ្រោះនាំគ្នាលួចចរចាគ្នាដោយស្ងាត់ៗត្រូវរ៉ូវគ្នាផ្ទុយពីច្បាប់ទៅវិញ រួចបានដឹកសាកសពចេញទៅតែម្តង ដោយមិនរាយការណ៍ប្រាប់មកខាងមន្ទីរសុខាភិបាលនោះទេ ។ ជុំវិញករណីខាងលើនេះ ខាងមន្ទីរនឹងមានវិធានការចុះទៅស៉ើបអង្កេតស្រាវជ្រាវបន្តទៀត ដោយសារតែមន្រ្តីជំនាញមិនទាន់បានធ្វើកោសល្យវិច័យសពក៏ដូចជានៅកន្លែងកើតហេតុ ព្រោះតែគ្រួសារជនរងគ្រោះបានសម្របសម្រួលជាមួយម្ចាស់ទីតាំងក្នុងតម្លៃសមស្របណាមួយ ទើបហ៊ានដឹកចេញបែបនេះ។

ករណីមន្ទីរសម្រាកព្យាបាល និងសម្ភព «អុីលីត» ដែលធ្វើឲ្យមនុស្សស្លាប់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចមន្ទីរខាងលើ ផ្ទះលេខ៤៤៨ ផ្លូវលេខ៧C សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមការរៀបរាប់ពីសាច់ញាតិជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ លី រដ្ឋា ភេទស្រី អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ប្រភពដដែលបានបន្ដថា កាលពីថ្ងៃទី២៧ ខែឩសភា ឆ្នាំ២០២០ថ្មីៗកន្លងទៅនេះ ជនរងគ្រោះបានចូលមកសម្រាលកូននៅមន្ទីរពេទ្យយីហោ​ «អុីលីត» តែដោយសារសម្រាលតាមបែបធម្មជាតិមិនកើត ក្រុមគ្រូពេទ្យក៏ធ្វើការវះកាត់បានកូនប្រុសម្នាក់។ ក្រោយពីធ្វើការវះកាត់បានពីរថ្ងៃ ដោយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យមួយនេះ មានការធ្វេសប្រហែសគឺមិនបានដាក់សុងទឹកនោមឲ្យជនរងគ្រោះឡើយ។

ពាក់ព័ន្ធករណីខាងលើនេះ លោក ម៉ៅ សាវឿន នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ បានប្រាប់អង្គភាពសារព័ត៌មាន CSN Daily ឲ្យដឹងដែរថា ក្រោយទទួលបានព័ត៌មាននេះ លោកនិងមន្ត្រីប៉ុស្ដិ៍បានចុះដល់ទីតាំងកើតហេតុ តែដោយខាងភាគីមន្ទីរពេទ្យនិងសាច់ញាតិជនរងគ្រោះបានសម្របសម្រួលគ្នាដោយមិនមានការប្ដឹងផ្ដល់ ទើបលោកមិនបានធ្វើរបាយការណ៍អ្វីទាំងអស់។

ក្រោយពីធ្វើការសម្របសម្រួលគ្នាចប់ សពជនរងគ្រោះត្រូវបានសាច់ញាតិក្រុមគ្រួសារដឹកចេញពីមន្ទីរពេទ្យយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត។

ដោយឡែក លោក ម៉េង វិមានតារា អធិការនគលបាលខណ្ឌមានជ័យ បានប្រាប់អង្គភាពសារព័ត៌មាន CSN Daily នៅថ្ងៃនេះថា ទៅសួរបច្ចេកទេសក្រុង ព្រោះលោកក្ដាប់ព័ត៌មានមិនបានទេ ព្រោះលោកជាប់ប្រជុំ៕

Loading...