កីឡាករវាយកូនបាល់ Roger Federer រកចំណូលបានច្រើនជាង Cristiano Ronaldo និង Lionel Messi ក្នុងឆ្នាំ២០២០

May 30, 2020 120

ហ្ស៊ូរិច ៖ យោងតាមការចេញផ្សាយដោយ BBC នាថ្ងៃទី៣០ ខែឧសភា បានឲ្យដឹងថា សម្រាប់ចំណាត់ថ្នាក់កីឡាករដែលរកបានប្រាក់ចំណូលខ្ពស់ជាងគេប្រចាំឆ្នាំ២០២០ ក្នុងនោះ កីឡាករវាយកូនបាល់កម្រិតពិភពលោក Roger Federer ដែលអាចរកបានប្រមាណ ៨៦.២លានផោន ស្មើនឹង១០៦.៣លានដុល្លារ ច្រើនជាងកីឡាករបាល់ទាត់ល្បីមាន Cristiano Ronaldo និង Lionel Messi ឈរនៅកំពូលតារាងទាំង៥ ប្រចាំឆ្នាំនៃទស្សនាវដ្តី Forbes របស់អាមេរិក។

ក្នុងតារាងដែលបានបង្ហាញដោយទស្សនាវដ្តី Forbes បានឲ្យដឹងថា សម្រាប់ចំណាត់ថ្នាក់ទាំង៥ ដែលមានសុទ្ធតែកីឡាករលំដាប់កំពូលមាន Cristiano Ronaldo រកបានប្រមាណ៨៥លានផោន ចំណែកខ្សែប្រយុទ្ធឆ្នើម ដែលប្រកបអាជីពតែមួយក្លិប Lionel Messi របស់ FC Barcelona រកបាន ៨៤លានផោន និង Neymar រកបាន ៧៧.៥លានផោន ខណៈកីឡាករបាល់បោះសញ្ជាតិអាមេរិក LeBron James រកបាន ៧១.៥លានផោន។

ក្នុងនោះ ប្រភពដដែលក៏បានបង្ហាញថា កីឡាករប្រដាល់ Tyson Fury ក៏រកបាន ៤៦.២លានផោន និងកីឡាករប្រណាំងរថយន្ត Formula 1, Lewis Hamilton រកបាន ៤៣.៧លានផោនផងដែរ។

និពន្ធនាយកជាន់ខ្ពស់របស់ Forbes បានលើកឡើងថា មកពីវិបត្តិ COVID-19 ទើបធ្វើឲ្យការកាត់បន្ថយប្រាក់ខែមួយចំនួនទៅលើ Ronaldo និង Messi នោះក៏បានធ្វើឲ្យកីឡាករវាយកូនបាល់ឡើងខ្ពស់បែបនេះ គ្រាដែលកីឡាការិនីវាយកូនបាល់វ័យ ២២ឆ្នាំ Osaka របស់ជប៉ុន ក៏រករកបាន ៣០.៧លានផោនផងដែរ៕

Loading...