លោក ឃួង ស្រេង៖ ដំណើរការផ្តល់សាច់ប្រាក់ ជូនពលរដ្ឋក្រីក្រនៅរាជធានីភ្នំពេញ សម្រេចបានជាង ៩០ភាគរយ

July 09, 2020 61

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សារាជធានី នៅថ្ងៃទី០៩ កក្កដា ឆ្នាំ២០២០នេះថា ដំណើរការផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋក្រីក្រនៅរាជធានីភ្នំពេញ បានប្រព្រឹត្តទៅដោយរលូន មានតម្លាភាព និងគ្មានការកឹបកេងសាច់ប្រាក់របស់ជនក្រីក្រ និងជនងាយរងគ្រោះទំាងនោះឡើយ ដើម្បីធានាការដោះស្រាយជីវភាពជូនពួកគាត់ពិតប្រាកដ។

លោក ឃួង ស្រេង បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តដំណើរការផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះនៅក្នុងវិបត្តិជំងឺកូវីដ-១៩ ដោយមានការប្រុងប្រយ័ត្នជាទីបំផុត ពោលគឺមិនឲ្យក្រុមការងារពាក់ព័ន្ធប្រព្រឹត្តិបាតុភាពមិនប្រក្រីណាមួយកើតឡើងឡើយ ដូចជាគ្មានការជ្រើសរើសសាច់ញាតិរបស់ខ្លួនឯង ឬគ្មានការកឹបកេងលុយរបស់ជនក្រីក្រជាដើម។

អភិបាលរាជធានីភ្នំពេញ បញ្ជាក់ថា តាមរយៈការខិតខំប្រឹងប្រែងនេះ បានធ្វើឲ្យដំណើរការងារផ្តល់សាច់ប្រាក់នេះ ព្រឹត្តិទៅដោយរលូន ហើយទទួលការគាំទ្រពីប្រជាពលរដ្ឋ។ ចំណុចនេះយើងបានហាមប្រាមហើយ ឱ្យពិនិត្យឡើងវិញចំពោះគ្រួសារអ្នកមានសមត្ថកិច្ច អ្នកមានសិទ្ធិវិនិច្ឆ័យថាអ្នកនេះក្រ អ្នកនោះក្រ ហើយបើដាក់គ្រួសាររបស់ខ្លួនគឺវារស៊ើបណាស់ ចឹងកិច្ចការនេះយើងបានប្រជុំទៅអាជ្ញាធរខណ្ឌសង្កាត់ទំាង១០៥ មិនឲ្យមានមនោសញ្ចេតនាដាក់សាច់ញាតិរបស់ខ្លួនឡើយ ដូច្នេះបានធ្វើឲ្យកិច្ចការងារនេះ ទទួលបានជោគជ័យ។

លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចអតីតយុវជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានឲ្យដឹងថា មកដល់ត្រឹមព្រឹកថ្ងៃទី៩ ខែកក្កដានេះ រាជធានីភ្នំពេញសម្រេចបាន៩៣ភាគរយហើយលើដំណើរ ការដំណើរការផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋក្រីក្រប្រមាណជាង១ម៉ឺន៨ពាន់បណ្ណ ពោលគឺនៅសល់តែ ជាង៦០០បណ្ណទៀតប៉ុណ្ណោះដែលមិនទាន់ទទួល។ អ្វីដែលរាជធានីភ្នំពេញសម្រេច បានជោគជ័យនេះគឺក្រោមការចង្អុលបង្ហាញពីរដ្ឋបាលរាជធានីដោយបានបង្ខិតសេវាកៀក និងប្រជាពលរដ្ឋ ដោះស្រាយបញ្ហាប្រឈមបានទាន់សភាពការណ៍ជាមួយនឹង អាជ្ញាធរនៅមូលដ្ឋាន ដូច្នេះរាជធានីភ្នំពេញគ្មានបាតុភាពការកាត់ប្រាក់ ឬថវិកាអ្នកទទួលផល និងគ្មាន បញ្ជវីងណាមួយកាត់សេវារបស់ជនក្រីក្រឡើយ។

សូមបញ្ជាក់ថា សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសផ្តល់សាច់ប្រាក់ឧបត្ថម្ភដល់ជនក្រីក្រ និងជនងាយរងគ្រោះ ដោយសារវិបត្តិជំងឺកូវីដ-១៩ ចំនួន៥៦ម៉ឺនគ្រួសារ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ក្នុងដំណាក់កាលទី១ ហើយដំណាក់កាលទី២ គ្រោងនឹងត្រូវចាប់ផ្តើមនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ ដែលនឹងត្រូវប្រើប្រាស់ទិន្នន័យបច្ចុប្បន្នភាព ក្រោយថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ដែលជាការបូកបញ្ចូលគ្នា នៃគ្រួសារក្រីក្រនៅជនបទ និងទីប្រជុំជន ដែលទិន្នន័យគិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ មានគ្រួសារក្រីក្របាន កើនចំនួន២៤៩១៥គ្រួសារ៕

Loading...