ទ្រាំលែងបានចំពោះកូនប្រុសអកតញ្ញូ បំផ្លាញទ្រព្យសម្បត្តិជិត១០ឆ្នាំ​ ឪពុកម្តាយសម្រេចចិត្តសុំសមត្ថកិច្ច ធ្វើកិច្ចសន្យាកាត់កាល់ចោល

July 09, 2020 125

ភ្នំពេញ ៖ ឪពុកម្តាយណាក៏ដោយ គឺតែងតែស្រលាញ់កូន ខំបីបាច់ថែរក្សាកូនតាំងពីចាប់កំណើតរហូតដល់ធំដឹងក្តី តែកូនអកតញ្ញូខ្លះមិនបានសងគុណឪពុកម្តាយវិញឡើយ បែរជាធ្វើឱ្យឪពុកម្តាយលំបាកចិត្ត រងទុក្ខវេទនាទៅវិញ។ ជាក់ស្តែង កូនអកតញ្ញូម្នាក់នេះ បានធ្វើឱ្យម៉ែឪស្រក់ទឹកភ្នែកជិត១០ឆ្នាំមកហើយ ដោយគេបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ទាំងលុយកាក់អស់រាប់ម៉ឺនដុល្លារ ហេតុនេះហើយទើបមកដល់ព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០នេះ ពួកគាត់ជាអាណាព្យាបាល បានរត់មករកសមត្ថកិច្ចប៉ុស្តិ៍ភ្លើងឆេះរទះ ក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីឲ្យជួយធ្វើកិច្ចសន្យាកាត់កាល់កូនប្រុសខាងលើចេញពីបន្ទុកគ្រួសារចោល។

តាមប្រភពពីឪពុកឈ្មោះ ម៉ក់ សុន អាយុ៦២ឆ្នាំ មុខរបរកម្មករ និងម្តាយឈ្មោះ មែ អុន អាយុ៦៥ឆ្នាំ មុខរបរមេផ្ទះ មានទីលំនៅបច្ចុប្បន្នក្នុងភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ បានរៀបរាប់ទាំងទឹកភ្នែកថា កូនប្រុសរបស់គាត់ឈ្មោះ ម៉ក់ នី ជាកូនប្រុសពៅនៅក្នុងបន្ទុកគ្រួសារ។

កន្លងមក ឪពុកម្តាយបានរៀបចំឲ្យមានគូស្រករម្តងរួចមកហើយ រហូតមានកូនម្នាក់ ជាចំណងដៃ តែដោយសារតែចរិតកូនរបស់គាត់គិតតែពីការសប្បាយ គ្មានគិតគូររឿងរកស៊ីចិញ្ចឹមជីវិត គឺមានតែដើរលេងហ៊ឺហា សប្បាយគ្មានគិតប្រពន្ធកូនធ្វើឱ្យមានជម្លោះក្នុងគ្រួសារជាញឹកញាប់ ឈានដល់ការបែកបាក់ចែកផ្លូវគ្នា រស់នៅរៀងៗខ្លួន ហើយកូនប្រុសរបស់គាត់ បានមករស់នៅជាមួយពួកគាត់ជាឪពុកម្តាយវិញ។

លោក ម៉ក់ សុន ជាឪពុក បានឱ្យដឹងទៀតថា រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ កូនប្រុសម្នាក់នេះ បានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ លុយកាក់អស់រាប់ម៉ឺនដុល្លារ និងបង្កជម្លោះក្នុងគ្រួសារ ដោយប្រើពាក្យគំរាមកំហែងជាញឹកញាប់ ធ្វើឲ្យពួកគាត់មានតែទឹកភ្នែក និងលំបាកផ្លូវចិត្ត ជាច្រើនឆ្នាំមកហើយ ទើបមកដល់ព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០នេះ ពួកគាត់សម្រេចចិត្តរត់មករកសមត្ថកិច្ចប៉ុស្តិ៍ភ្លើងឆេះរទេះ ដោយស្នើសុំឲ្យហៅកូនប្រុសរបស់គាត់ ដែលមានឈ្មោះ ម៉ក់ នី នោះមកធ្វើកិច្ចសន្យាកាត់កាល់ចេញពីក្រុមគ្រួសារ លែងពាក់ព័ន្ធជាអ្វីនិងគ្នាឡើយ និងលែងដឹងឮរាល់សកម្មភាពដែលឈ្មោះ ម៉ក់ នី បង្កទៀតហើយ។

ដោយមានកិច្ចសន្យាលែងទទួលស្គាល់បុគ្គលឈ្មោះ ម៉ក់ នី ក្រុមគ្រួសារសូមប្រកាសជាសាធារណៈថា រាល់បញ្ហាដែលពាក់ព័ន្ធនិងបុគ្គលខាងលើ គឺក្រុមគ្រួសារលែងទទួលស្គាល់ចាប់ពីពេលនេះតទៅ៕

Loading...