បុរសម្នាក់លួចម៉ូតូ ត្រូវសមត្ថកិច្ចតាមចាប់បានតាមប្រព័ន្ធ GPS

August 01, 2018 573

កណ្តាល ៖ ជនសង្ស័យម្នាក់ ត្រូវបាននគរបាល ខេត្តកណ្តាល ធ្វើការស្រាវជ្រាវ និងសហការ ជាមួយនគរបាលខេត្តតាកែវ កំណត់មុខសញ្ញាឃាត់ ខ្លួនបាន តាមបណ្តឹងជនរងគ្រោះ ក្រោយ ជនសង្ស័យរូបនេះបានធ្វើសកម្មភាព លួចកាច់កម៉ូតូរួចជិះគេច ខ្លួនទៅកាន់ខេត្តតាកែវ ។ ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុច ភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។

នគរបាលបានអោយដឹងថា ជនរងគ្រោះឈ្មោះ ជៃ ជឿន ភេទ ប្រុស អាយុ៤០ឆ្នាំ ទីលំនៅភូមិ​ថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គ ខេត្តកណ្តាល ។ ចំណែកជនសង្ស័យឈ្មោះ អេម សំអាត ភេទប្រុស អាយុ៤៩ឆ្នាំ ទីលំនៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ មុខរបរមិនពិតប្រាកដ។

នគរបាលបានបន្តថា មុនពេលកើតហេតុជនរងគ្រោះបានយក ម៉ូតូរបស់ខ្លួនម៉ាកហុងដា សេ១២៥ សេរីឆ្នាំ ២០០៧ ពណ៌ខ្មៅ ផ្លាកលេខកណ្តាល 1E-4186 ចាក់សោរទុករួចនាំ ប្រពន្ធ កូនចូល សម្រាកលុះព្រឹកឡើងជនរងគ្រោះភ្ញាក់ពីដំណេក ស្រាប់តែបាត់ម៉ូតូ តែដោយម៉ូតូ នោះមានភ្ជាប់ប្រព័ន្ធGPS ក៏ទាញទូរស័ព្ទ ដើម្បីឆែករក ស្រាប់តែឃើញសញ្ញាចង្អុលបង្ហាញ តាមផ្លូវជាតិលេខ៣នៅឯខេត្តតាកែវ ភ្លាមនោះខ្លួនបានហៅមិត្តភ័ក្ត្រ ម្នាក់ទៀត បើកឡាន រកម៉ូតូ តាមសញ្ញាបង្ហាញនោះ រួចបានរាយការណ៍ជូនសមត្ថកិច្ចផង ។

ក្រោយពីទទួលព័ត៌មានខាងលើភ្លាម កម្លាំងនគរបាល ខេត្ត កណ្តាល និងកម្លាំងនគរបាល ខេត្តតាកែវ បានសហការគ្នា ធ្វើការស្រាវជ្រាវ និងបានការដឹកនាំសម្របម្រួលពីលោកឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្ដាល និងសាលាដំបូងខេត្តតាកែវ រហូត កំណត់មុខសញ្ញាបានឈាន ដល់ឃាត់ខ្លួនជនសង្ស័យរួមនឹងម៉ូតូដែលជារបស់ជនរងគ្រោះ និងសម្ភារមួយចំនួនទៀត សម្រាប់ធ្វើសកម្មភាពលួចម៉ូតូ ។

បច្ចុប្បន្នជនសង្ស័យរួមនឹង វត្ថុតាងត្រូវបានបញ្ជូនមក ស្នងការដ្ឋាននគរបាល ខេត្ត កណ្តាល ដើម្បីចាត់ការតាមនីតិវិធី ៕

Loading...