លោក ប្រាក់ សុខុន ​នាំថវិការបស់សម្តេចតេជោ ហ៊ុន សែន ចំនួន៥ពាន់ដុល្លារ ប្រគល់ជូនគ្រួសារសព​ លោកឧត្តមសេនីយ៍ ស សាវី

July 15, 2020 129

កោះកុង ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ បានដឹកនាំគណៈប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ទោ ស សាវី ព្រមទាំងបាននាំថវិកា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំនួន៥ពាន់ដុល្លារ និងថវិកា២០លានរៀន ប្រគល់ជូនគ្រួសារសពលោកឧត្តមសេនីយ៍។

ពិធីគោរពវិញ្ញាណក្ខន្ធរបស់ ឧត្តមសេនីយ៍ទោ ស សាវី ដែលបានបាត់បង់ជីវិត ក្នុងពេលបំពេញ បេសកកម្មមនុស្សធម៌តាមរយៈអង្គការសហប្រជាជាតិ នៅប្រទេសម៉ាលី ត្រូវបានប្រារព្ធជាផ្លូវការនៅវិទ្យាស្ថានហ្វឹកហ្វឺនបណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្រ្គាម ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ក្នុងពិធីគោរពវិញ្ញាណក្ខន្ធនាព្រឹកនេះ ឃើញថាមានវត្តមានប្រតិភូតំណាងស្ថាប័នកំពូលៗរបស់ជាតិ តំណាងស្ថានទូត សេនានុព័ន្ធ និងអនុព័ន្ធយោធា ដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា បានមកចូលរួមគោរពវិញ្ញាណក្ខ័ន្ធ និងរំលែកទុក្ខជាមួយគ្រួសារសពផងដែរ។

សូមបញ្ជាក់ថា ឧត្តមសេនីយ៍ទោ ស សាវី អាយុ៦៣ឆ្នាំ បានបាត់បង់ជីវិត កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ បន្ទាប់ពីឆ្លងជំងឺកូវីដ-១៩ នៅប្រទេសម៉ាលី។ លោកឧត្តមសេនីយ៍ទោ មានទីលំនៅភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។​

រហូតដល់ពេលនេះ កម្ពុជាមានកងកម្លាំង៥កង សរុបចំនួន៧៨៧នាក់ កំពុងបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ក្នុងនោះមានលីបង់, ស៊ូដង់, ស៊ូដង់ខាងត្បូង, ម៉ាលី និងអាហ្វ្រិកកណ្តាល៕

Loading...