
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៦ ខែកក្កដានេះ បានចេញប្រកាស ស្តីពីការអនុញ្ញាតឲ្យកម្មករនិយោជិត នៃរោងចក្រ សហគ្រាសទាំងអស់ ឈប់សម្រាករយៈពេល៥ថ្ងៃ នៅថ្ងៃទី១៧-១៨-១៩-២០ និងទី២១ ខែសីហា ឆ្នាំ២០២០ ដោយមានប្រាក់ឈ្នួល ដើម្បីសងថ្ងៃឈប់សម្រាក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២០។
ប្រកាសរបស់ក្រសួងការងារ ដែលអង្គភាពសារព័ត៌មាន CSN Daily ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ថា «ត្រូវបានអនុញ្ញាតឱ្យកម្មករនិយោជិត នៃរោងចក្រ សហគ្រាសទាំងអស់ ដែលមានចែងក្នុងមាត្រា១ នៃច្បាប់ ស្ដីពីការងារ បានឈប់សម្រាកការងារដោយមានប្រាក់ឈ្នួលនៅថ្ងៃទី១៧ ទី១៨ ទី១៩ ទី២០ និងទី២១ ខែសីហា ឆ្នាំ២០២០ ដើម្បីសងការឈប់សម្រាកការងារ ដោយមានប្រាក់ឈ្នួល របស់កម្មករនិយោជិត កាលពីថ្ងៃទី១៣ ទី១៤ ទី១៥ និងទី១៦ ខែមេសា ឆ្នាំ២០២០ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំជូត ទោស័ក»។
សូមជម្រាបថា កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យ សម្រេចលើកពេលដោយមិនកំណត់ សម្រាប់ការឈប់សម្រាករយៈពេល៤ថ្ងៃ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដោយអំឡុងពេលនោះមន្រ្តីរាជការ កម្មករនិយោជិត ត្រូវបំពេញការងារជាធម្មតា ដើម្បីចូលរួមបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។
នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យផ្លូវការ ស្តីពីការអនុញ្ញាតឲ្យមន្ត្រីរាជការ កម្មករ និយោជិត ឈប់សម្រាកការងារចាប់ពីថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០ សងថ្ងៃបុណ្យចូលឆ្នាំថ្មី៕

