អគ្គនាយកដ្ឋាន (ក.ប.ប.) នាំយករថយន្តមន្ទីរពិសោធន៍ចល័ត ចុះត្រួតពិនិត្យការនាំចូលបន្លែ ដើម្បីស្វែងរកសំណល់ថ្នាំកសិកម្មពី នៅច្រកទ្វាអន្តរជាតិជ្រៃធំ

July 28, 2020 87

កណ្តាល ៖ បន្ទាប់ពីទទួលបានការស្នើសុំកិច្ចសហការពីសាខាគយ និងរដ្ឋាករកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ដោយមានសាខា ក.ប.ប. ខេត្តកណ្តាល ជាសេនាធិការ បាននាំយករថយន្តមន្ទីរពិសោធន៍ចល័ត សហការគ្នាត្រួតពិនិត្យការនាំចូលបន្លែ ដើម្បីស្វែងរកសំណល់ថ្នាំកសិកម្មពីបរទេសចូលមកព្រះរាជាណាចក្រកម្ពុជា ដែលនាំចូលតាមមាត់ច្រកទ្វាអន្តរជាតិជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាល។

កិច្ចសហការនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការយកចិត្តទុកដាក់ពីសំណាក់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលតែងតែណែនាំឱ្យអគ្គនាយកដ្ឋាន ក.ប.ប. ធ្វើការឃ្លាំពិនិត្យជាប្រចាំលើទំនិញជាម្ហូបហារ ដើម្បីការពារសុខុមាលភាពប្រជាពលរដ្ឋជាដំបង និងស្របតាមស្មារតីច្បាប់ស្តីការគ្រប់គ្រងគុណភាព សុវត្ថិភាព ទំនិញ និងសេវា ច្បាប់ស្តីកិច្ចការពារអ្នកប្រើប្រាស់ និងប្រកាសលេខ ៥៧៤ ស្តីពីកិច្ចសហការរវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានកាំកុងត្រូល (បច្ចុប្បន្ន ក.ប.ប.)។

សូមជម្រាបផងដែរថាកិច្ចសហការនេះធ្វើឡើងជាលើកទី២ ដោយលើកទី១ធ្វើឡើងកាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២០ ដោយពេលនោះបានធ្វើតេស្តលើបន្លែចំនួន២២គំរូ ជាលទ្ធផលមានបន្លែចំនួន៦គំរូមានសំណល់ថ្នាំកសិកម្ម និងអនុវត្តតាមនីតិវិធី។ ជាក់ស្តែងកិច្ចសហការលើកទី២នេះ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បានធ្វើតេស្តលើបន្លែចំនួន២០គំរូ រួមមាន ពោតបារាំង ក្រូចឆ្មាតូច ត្រប់ស្រួយ ប៉េងប៉ោះ ត្រសក់ ម្ទេសហាវៃ ស្ពៃក្តោប ដំឡូងជ្វា ផ្លែល្ពៅ ស្ពៃបូកគោ ផ្លែស៊ូ ម្ទេស ផ្កាស្នោរ ក្រូចឆ្មា ឆៃថាវ ត្រប់វែង ពពាយ ត្រាវ ផ្កាគូឆាយ និងផ្កាខាត់ណា ជាលទ្ធផលពុំបានរកឃើញភាពមិនប្រក្រតីណាមួយនៅក្នុងគំរូបន្លែទាំងនោះឡើយ។

អគ្គនាយកដ្ឋាន ក.ប.ប. នឹងបន្តការយកចិត្តទុកដាក់ក្នុងការងារអនុវត្តច្បាប់ ជាពិសេសលើសុវត្ថិភាពម្ហូបអាហារ និងការការពារផលប្រយោជន៍អ្នកប្រើប្រាស់ ដើម្បីធានាបាននូវសុខមាលភាពប្រជាពលរដ្ឋ និងចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានភាពរីកចម្រើន៕

Loading...