ក្មេងស្រី និងស្រ្តី ជាង៩០០នាក់ បានបាត់ខ្លួនយ៉ាងអាថ៌កំបាំង នៅប្រទេសប៉េរូ អំឡុងការរាតត្បាត COVID-19

August 05, 2020 82

បូហ្គោតា ៖ បើតាមប្រភពពីមន្ត្រីជាន់ខ្ពស់ម្នាក់ ចេញផ្សាយដោយសារពត៌មាន CNA នៅរសៀលថ្ងៃពុធ ទី០៥ ខែសីហា ឆ្នាំ២០២០ ឱ្យដឹងថា ក្មេងស្រី និងស្រ្តីច្រើន​ ជាង៩០០នាក់ បានបាត់ខ្លួនយ៉ាងអាថ៌កំបាំង នៅក្នុងប្រទេសប៉េរូ កំឡុងការអនុវត្តវិធានការបិទប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19។

លោកស្រី អ៉ីសាប៊ែល អ័រធីស (Isabel Ortiz) ជាស្នងការទទួលបន្ទុកសិទ្ធិស្រី្ត ប្រចាំការិយាល័យ National Ombudsman ដែលជាស្ថាប័នឯករាជ្យ ឃ្លាំមើលសិទ្ធិមនុស្សក្នុងប្រទេសប៉េរូ បានឱ្យដឹងនៅថ្ងៃអង្គារសប្តាហ៍នេះថា មនុស្សសរុបចំនួន ៩១៥នាក់ ក្នុងនោះមានក្មេងស្រី ៦០៦នាក់ និងស្រ្តី ៣០៩នាក់បានបាត់ខ្លួន ចាប់តាំងពីមានការបិទប្រទេសកាលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០កន្លងទៅនេះ។

លោកស្រី Ortiz បន្ថែមទៀតថា អាជ្ញាធរនៅមិនទាន់ដឹងនៅឡើយទេថា មានអ្វីកើតឡើងចំពោះអ្នកដែលបានបាត់ខ្លួនឡើយ ពោលគឺថាតើពួកគេនៅរស់ ឬស្លាប់, ក្លាយជាជនរងគ្រោះ នៃអំពើហិង្សាក្នុងគ្រួសារ, និងអាចជាជនរងគ្រោះនៃអំពើជួញដូរផ្លូវភេទ ឬក៏យ៉ាងណានោះទេ។

កាលពីសប្ដាហ៍មុន ក្រសួងកិច្ចការនារីនៃប្រទេសប៉េរូ ក៏បានរាយការណ៍ដែរថា ក្មេងស្រី និងស្រី្ត ១,២០០នាក់ បានបាត់ខ្លួនកំឡុងការឆ្លងរាតត្បាត COVID-19 ដែលជាតួលេខខ្ពស់មួយ ក្នុងនោះរាប់បញ្ចូលទាំងតួលេខកាលពីខែកក្កដា។ លោកស្រី Ortiz បានរំលឹកថា លោកស្រីបានខ្នះខ្នែងស្វែងរកព័ត៌មាន ដែលអាចជួយស្វែងរកមនុស្សបាត់ខ្លួន និងអាចកំណត់អត្តសញ្ញាជនសង្ស័យ។ រដ្ឋាភិបាលកំពុងធ្វើការលុបបំបាត់អំពើហិង្សាលើស្រ្តី និងបានបង្កើនថវិកានៅឆ្នាំនេះ សម្រាប់កម្មវិធីទប់ស្កាត់អំពើហិង្សាផ្លូវភេទ។

ដោយឡែក សម្រាប់ស្ថានការណ៍ COVID-19 វិញ គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ ប៉េរូមានករណីឆ្លងសរុបជិត ៤៤០,០០០ករណី ក្នុងនោះស្លាប់ជាង ២០,០០០នាក់ និងជាសះស្បើយវិញជាង ៣០០,០០០នាក់។ ចំនួនករណីឆ្លង COVID-19 នៅប៉េរូគឺជាប់លេខ ២ ប្រចាំនៅអាមេរិកខាងត្បូង (បន្ទាប់ពីប្រេស៊ីល) និងលេខ ៧ នៅលើពិភពលោក៕

Loading...