នាយករដ្ឋមន្រី្តកាណាដា ប្តេជ្ញាសងសឹកវិញភ្លាមៗ ក្រោយលោក ដូណាល់ ត្រាំ ប្រកាសដំឡើងពន្ធ ១០%ជាថ្មី លើការនាំចូលអាលុយមីញ៉ូម

August 07, 2020 73

អូតាវ៉ា ៖ បើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ២០២០ ឱ្យដឹងថា កាណាដាបានបង្ហាញការបេ្ដជ្ញា ចាត់វិធានការសងសឹកវិញភ្លាមៗ ក្រោយពីលោក ដូណាល់ ត្រាំ ប្រកាសអំពីការសម្រេចចិត្តថា នឹងដំឡើងពន្ធ ១០ភាគរយ ជាថ្មីម្ដងទៀត លើការនាំចូលអាលុយមីញ៉ូមពីប្រទេសសម្ព័ន្ធមិត្តជិតខាងមួយនេះ ដោយលើកឡើងចំពោះក្តីកង្វល់អំពីបញ្ហាសន្តិសុខជាតិ។

នាយករដ្ឋមន្រី្តកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) បានលើកឡើងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍ (ពេលវេលានៅកាណាដា) យ៉ាងដូច្នេះថា «ដើម្បីឆ្លើយតបនឹងការយកពន្ធរបស់សហរដ្ឋអាមេរិក ដែលបានប្រកាសនៅថ្ងៃនេះ ប្រទេសកាណាដានឹងដាក់ចេញ នូវវិធានការតបតវិញ ដោយការយកពន្ធលើការនាំចូលទំនិញ របស់សហរដ្ឋអាមេរិកដូចគ្នា»។ លោកនាយករដ្ឋមន្ត្រីបានបន្តទៀតថា «យើងនឹងតតាំងជានិច្ច ដើម្បីកម្មករអាលុយមីញ៉ូមរបស់យើង។ យើងបានធ្វើដូច្នេះម្តងហើយកាលពីឆ្នាំ ២០១៨ ហើយយើងនឹងក្រោកឈរឡើង សម្រាប់ពួកគេម្ដងទៀត»។

គួរបញ្ជាក់ថា លោក ត្រាំ បាននិយាយកាលពីរសៀលថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្នុងកំឡុងពេលសុន្ទរកថា នៅរោងចក្រមួយនៃរដ្ឋអូហៃយ៉ូ (Ohio) ថា ការដំឡើងពន្ធ ១០ភាគរយទៅលើផលិតផលអាលុយមីញ៉ូម នាំចូលពីប្រទេសកាណាដា នឹងចូលជាធរមាននៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ ខាងមុខនេះ ក្រោយពីវាត្រូវបានផ្អាកកាលពីជាងមួយឆ្នាំមុន៕

Loading...