គម្រប់ខួបប្រាំ៧ថ្ងៃ! នគរបាលខេត្តកណ្ដាល បំបែកសំណុំរឿងចាប់ខ្លួនឃាតករ ចាក់សម្លាប់មិត្តភក្តិខ្លួនឯង នៅស្រុកស្អាង

August 28, 2020 163

កណ្ដាល ៖ នគរបាលខេត្តកណ្ដាល សហការជាមួយនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ និងនគរបាល​ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដោយមានការសម្របសម្រួលនីតិវិធី ពីព្រះរាជអាជ្ញាខេត្តកណ្ដាល និងខេត្តពោធិ៍សាត់ បើកប្រតិបត្តិការស្រាវជ្រាវរហូតបំបែកសំណុំរឿង ចាប់ខ្លួនជនសង្ស័យជាឃាតករបានហើយ នៅវេលាម៉ោង៤និង១០នាទី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ខណៈដែលជនសង្ស័យជាឃាតករ ព្យាយាមទៅលាក់ខ្លួនសំងំរស់នៅភូមិក្បាលហុង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ក្រោយធ្វើសកម្មភាពយកកាំបិតចាក់សម្លាប់មិត្តភក្តិខ្លួនឯងរហូតស្លាប់ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង០៦និង៥៥នាទី នៅចំណុចភូមិក្បាលកោះកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល។

ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនបានមានឈ្មោះ គក សំបូរ ហៅ ភ្លោះធំ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ មិនពិតប្រាកដ។ ចំណែកយុវជនរងគ្រោះ ឈ្មោះ លី ពិសី ហៅ ពីពី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងថតរូប។ ជនសង្ស័យ និងជនរងគ្រោះត្រូវជាមិត្តភក្តិនឹងគ្នា មានទីលំនៅភូមិក្បាលកោះកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល។

គួររំឮកថា កាលពីថ្ងៃកើតហេតុ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ យុវជនរងគ្រោះ និងយុវជនសង្ស័យបាននាំគ្នាផឹកស៊ី ហើយពុំដឹងជាមានរឿងអ្វី បានកើតជាទំនាស់ទាស់ពាក្យសម្តីគ្នា រហូតធ្វើឲ្យយុវជនសង្ស័យបានយកកាំបិតចុងស្រួចមកចាក់លើយុវជនរងគ្រោះ បណ្ដាលឲ្យរបួសធ្ងន់ រួចយុវជនសង្ស័យបានគេចខ្លួនបាត់ស្រមោល។

ក្រោយពីមានហេតុការណ៍កើតឡើង យុវជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ តែជាអកុសលយុវជនរងគ្រោះដាច់ខ្យល់ស្លាប់ ខណៈបញ្ជូនដល់មន្ទីរពេទ្យ។ លុះមកដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ នគរបាលខេត្តកណ្ដាល កំណត់មុខសញ្ញាច្បាស់ថា ជនសង្ស័យកំពុងលាក់ខ្លួនក្នុងខេត្តពោធិ៍សាត់ ហើយក៏ធ្វើការសហការជាមួយនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ នគរបាល នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងដោយមានការសម្របសម្រួលនីតិវិធី ពីព្រះរាជអាជ្ញាខេត្តកណ្ដាល និងខេត្តពោធិ៍សាត់ បើកប្រតិបត្តិការរហូតចាប់ខ្លួនបាន នៅវេលាម៉ោង០៤និង១០នាទី នៅចំណុចភូមិក្បាលហុង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាន នគរបាលខេត្តកណ្ដាល ដើម្បីចាត់ការតាមច្បាប់៕

Loading...