មហាសេដ្ឋីអាមេរិក Bloomberg នឹងចាយ ១០០លានដុល្លារ ជួយលោក បៃដិន ឲ្យយកឈ្នះលោក ត្រាំ ក្នុងរដ្ឋ Florida

September 14, 2020 46

ញូយ៉ក ៖ បើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២០ ឱ្យដឹងថា លោក ម៉ៃខឺល ប្លូមប៊ឺក (Michael Bloomberg) មហាសេដ្ឋីអាមេរិក បានអះអាងថា លោកមានផែនការចំណាយប្រាក់ ១០០លានដុល្លារ ដើម្បីជួយជ្រោមជ្រែងយុទ្ធនាការឃោសនាបោះឆ្នោត របស់បេក្ខជនប្រធានាធិបតី នៃបក្សប្រជាធិបតេយ្យលោក ចូ បៃដិន ក្នុងការយកឈ្នះលោក ដូណាល់ ត្រាំ ឲ្យបាននៅក្នុងរដ្ឋផ្លរីដា (Florida) ដែលលគ្រប់គ្នាដឹងថា ជារដ្ឋសំខាន់បំផុតមួយ និងជាកន្លែងឈរជើងដ៏រឹងមាំរបស់លោក ត្រាំ កន្លងមកនេះ។

ការប្រកាសរបស់មហាសេដ្ឋីអាមេរិកខាងលើនេះ បានកើតមានឡើងនៅមុន ៥០ថ្ងៃនៃការប្រកួតមកដល់ ខណៈការបោះឆ្នោតស្ទង់មតិកន្លងមកបានបង្ហាញថា លោក ដូណាល់ ត្រាំ និងលោក ចូ បៃដិន មានសំឡេងប្រកួតប្រជែងគ្នា នៅក្នុងរដ្ឋ Florida ប៉ុន្តែលោក បៃដិន ហាក់ខ្វះការគាំទ្រផ្នែកហិរញ្ញវត្ថុ ដើម្បីឲ្យលោកអាចតស៊ូនៅក្នុងយុទ្ធនាការដ៏ធំធេងនេះបាន។

ជុំវិញព័ត៌មានខាងលើនេះ​ លោក ខេវិន ស៊ីឃី (Kevin Sheekey) ដែលជាទីប្រឹក្សារបស់លោក Bloomberg បានលើកឡើងថា «លោក Michael Bloomberg បានប្តេជ្ញាជួយផ្តួលលោក ត្រាំ ហើយវានឹងអាចកើតឡើង នៅតាមបណ្តារដ្ឋសំខាន់ៗ។ វានឹងមានន័យថា ក្រុមយុទ្ធនាការនៃបក្សប្រជាធិបតេយ្យ និងលោក បៃដិន អាចធ្វើសកម្មភាពយ៉ាងផុសផុល នៅរដ្ឋសំខាន់ៗផ្សេងទៀតដូចជា ភែនស៊ីលវេនៀ (Pennsylvania) ដែលសំខាន់បំផុតសម្រាប់លោក បៃដិន ផងដែរ»។

គួរបញ្ជាក់ថា ការបោះឆ្នោតប្រធានាធិបតីអាមេរិកអាណត្តិថ្មី នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយបញ្ហាជាច្រើន បាននិងកំពុងក្លាយជាប្រធានបទក្តៅគគុក សម្រាប់បេក្ខជនប្រធានាធិបតី នៃបក្សប្រជាធិបតេយ្យ និងបក្សសាធារណរដ្ឋលើកមកតស៊ូមតិគ្នា ក្នុងនោះមានដូចជា សេដ្ឋកិច្ច និងសង្គ្រាមពាណិជ្ជកម្ម, ការរាតត្បាតវីរុសកូរ៉ូណា, ការរើសអើងពូជសាសន៍ និងការធ្លាក់ចុះមុខមាត់អាមេរិក នៅក្នុងនាមជាមហាអំណាច នៅលើឆាកអន្តរជាតិជាដើម៕

Loading...