ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី១៦-២២ ខែកញ្ញា ភ្លៀងនឹងបន្តធ្លាក់ពីមធ្យមទៅច្រើន, សូមប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង និងរលកសមុទ្រ

September 15, 2020 48

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២០។

ក្រសួងបានបញ្ជាក់ថា តាមរយៈតាមដាននៃការវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ខ្យល់មូសុងនិរតីបង្កើនល្បឿន បក់មកលើកម្ពុជា ។ សម្ពាធទាបសកម្មនៅលើសមុទ្រប៉ាស៊ីហ្វិក និងវិវត្តខ្លួនជាបន្ត បន្ទាប់ទៅជាវិសម្ពាធទាបរួចនឹងទៅជាកូនព្យុះ ពេលដែលឆ្លងកាត់ប្រទេស ហ្វីលីពីន។ ព្យុះនេះ នៅថ្ងៃទី១៦ ខែកញ្ញា នឹងបន្តដំណើរចូលទៅក្នុងឈូងសមុទ្រតុងកឹង រួចចូលប្រទេសវៀតណាមភាគកណ្ដាល កៀកព្រំ ប្រទល់ភាគខាងជើង។ ស្ថានភាពបែបនេះធ្វើឱ្យ៖

បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖

* សីតុណ្ហភាពអប្បបរមា មានពី២៤-២៦°C

* សីតុណ្ហភាពអតិបរមា មានពី៣០-៣៣°C

នៅថ្ងៃទី១៦-១៨ ខែកញ្ញា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតបរិមាណពីតិចទៅបង្គួរ ។ បន្ទាប់ពីនោះ ភ្លៀងនឹងបង្កើនការធ្លាក់រាយប៉ាយ ក្នុងកម្រិតបរិមាណពីបង្គួរទៅច្រើន។

២. បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖

* សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C

* សីតុណ្ហភាពអតិបរមា មានពី ២៨-៣០°C

នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅបង្គរ។

៣. បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ៖

* សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C

* សីតុណ្ហភាពអតិបរមា មានពី ២៨-៣០°C

នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន។

ក្រសួងធនធានទឹក ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានជាអាទិ៍៖

* តំបន់ជាប់ផ្លូវទឹក និងជាប់ជួរភ្នំ មូលហេតុបង្កឡើងដោយជំនន់ទឹកភ្លៀង។

* អ្នកដំណើរ និងអ្នកនេសាទសមុទ្រ មូលហេតុភ្លៀងខ្យល់ និងរលកសមុទ្រដែលអាចមានកម្ពស់ខ្ពស់ ពិសេសចាប់ពីថ្ងៃទី ១៨-២១ ខែកញ្ញា៕

Loading...